សុខ ច័ន្ទសូលីណា ម្ចាស់ជ័យលាភីនិស្សិតអន្តរជាតិឆ្នើមចែករំលែករឿងពិតក្នុងការសិក្សាក្រៅប្រទេស

  • 2016-08-19 02:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធំឡើងក្នុងគ្រួសារដែលមានលោកឪពុកនិងអ្នកម្តាយជាអ្នកដែលត្រួតត្រាការសិក្សារបស់នាងតាំងពីថ្នាក់បឋមសិក្សារហូតដល់ធំដឹងក្តី⁣⁣លីណានិស្សិតវ័យ២២ឆ្នាំរូបនេះតែងតែឲ្យតម្លៃការសិក្សាជារឿងចម្បងក្នុងជីវិតនិងតែងតែបង្កើតបានស្នាដៃជាច្រើនក្នុងប្រវត្តិការសិក្សារបស់នាង។

 

 

បន្ទាប់​ពី​បាន​ជ្រើស​រើស​ជា​បេក្ខនារី​ប្រចាំ​វិទ្យាល័យ​បាក់​ទូក​​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចូលរូម​ក្នុង​កម្មវិធី​​ផ្លាស់​ប្តូរ​បទពិសោធន៍​នៅ​ឯ​ប្រទេស​ជប៉ុន​​​​​​អតីត​និស្សិត​អាហារូបករណ៍​ផ្នែក​ពាណិជ្ជកម្ម​​នៃ​សាកល​វិទ្យាល័យ​លីមកុកវីង​មួយ​រូប​នេះ​ក៏​ទទួល​បាន​​​អាហារូបករណ៍​សិក្សា​ថ្នាក់​​បរិញ្ញាបត្រផ្នែកសិក្សា​អន្តរជាតិពី​រដ្ឋាភិបាលកូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​2013​ទៀត​ផង។ ​ រយះ​ពេល​បី​ឆ្នាំ​កន្លះ​ដែល​លីណា​បាន​មក​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ​​​ជា​ការ​ពិត​ណាស់​អ្នក​ណា​ក៏​ចង់​ទទួល​បាន​ឱកាស​​មួយ​នេះ​ដែរ​ក៏​ប៉ុន្តែ​អ្វី​ដែល​នៅ​ពី​ក្រោយ​​ភាព​ជោគជ័យ​មួយ​នេះ​តាំង​ពី​ការ​ចាប់​ផ្តើម​មក​គឺ​វា​មិន​មែន​ស្រស់​បំព្រង​ដូច​អ្នក​ទូទៅ​បាន​គិត​ដល់​នោះ​ទេ។​​ ដូច្នេះ​ថ្ងៃ​នេះ​​សប្បាយ​ដើរ​នឹង​ធ្វើ​ការ​សម្ភាសន៍​លីណា​អំពី​បទពិសោធន៍​ក្នុង​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស⁣​⁣ដើម្បី​ចែក​រំលែក​ជូនអ្នកទាំងគ្នា។

 

ការ​ទទួល​បាន​អាហារូបករណ៍​មក​សិក្សា​នៅ​ក្រៅ​ប្រទេស​គឺ​ជា​គោល​ដៅ​មួយ​ដែល​នាង​ខ្ញុំ​តែង​តែ​ប្រឹង​ប្រែង​ដើម្បី​ចាប់​យក​វាឲ្យ​បាន​ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​គិត​ដល់​ការ​ចាក​ចេញ​ពី​គ្រួសារ​មក​បន្ត​ក្ដី​ស្រមៃ​នេះ​តែ​ម្នាក់​ឯង​ថា​ជាក់​ស្តែង​​វា​យ៉ាងម៉េចឡើយ​រហូត​ទាល់​តែ​ជួប​ប្រទះ​ខ្លួន​ឯង​ផ្ទាល់​។​ បើ​និយាយ​ពី​ការ​លំបាក​​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​វិញ​វា​មាន​ច្រើន ​កត្តា​ចម្បង​គឺ​បែប​ផែន​នៃ​ការ​រស់​នៅ​និង​ភាសា​ក្នុង​ការ​ទំនាក់​ទំនង​​ព្រោះ​ថា​នៅ​ទី​នេះ​អ្វីៗ​រួម​ទាំង​​ប្រព័ន្ធ​អប់រំ​គឺ​ប្រើ​ប្រាស់​ភាសា​ជាតិ​របស់​គេ​សឹង​តែ​ទាំង​ស្រុង​តែ​ម្ដង។​​

 

ការ​នឹក​នា​គ្រួសារខ្ញុំ​ជឿ​ជាក់​ថាមាន​មនុស្ស​ច្រើន​ណាស់​ដែល​ជួ​ប​ប្រទះ​រឿង​នេះ​ពេល​ដែល​ត្រូវ​ចាក​ចេញ​ពី​ទ្រនំ​ដ៏​កក់​ក្ដៅ​របស់​ខ្លួន​។​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​​បាន​បង្វែរ​​ឧបសគ្គ​ឲ្យ​ទៅ​ជា​ការ​លុតដំ​សមត្ថភាពភាព​ដើម្បី​ភាព​ជោគជ័យ​ក្នុង​ជីវិត។ ​​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​រវល់​ដើម្បី​កុំ​ឲ្យ​នឹក​គិត​ដល់​គ្រួសារ​ ដែល​ជា​វិធី​ល្អ​បំផុត​ពេល​ដែល​យើង​រស់​នៅ​ឆ្ងាយ​ពី​ពួក​គាត់​។​

 

​ភាព​ឯកាមិន​ត្រឹម​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​តែ​ប៉ុណ្ណោះ​ទេ​ចំណែក​ឯ​មិត្តភ័ក្ដិ​ដែល​យើង​ធ្លាប់​តែ​ដើរ​លេង​ញ៉ាំ​អី​ជា​មួយ​ក៏​មិន​នៅ​ជិត​យើង​ដែរ។​ជុំ​វិញ​ខ្លួន​យើង​គឺ​ជា​និស្សិត​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ចម្រុះ​ជាតិ​សាសន៍​ដែល​មាន​ទំនៀម​ទម្លាប់​និង​ប្រពៃណី​ខុស​ៗ​គ្នា ដែល​ទាមទារ​ឲ្យ​យើង​ដាក់​ចិត្ត​រៀន​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ក្លាយ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​​ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វា​ពិបាក​ពេល​មនុស្ស​ជុំ​វិញ​ខ្លួន​មិន​មាន​អ្នក​ណា​ដែល​យើង​អាចទុក​ចិត្ត​បាន។​​​​​​​​​​​

 

សម្រាប់​ប្រព័ន្ធ​អប់រំ​ក្នុង​ប្រទេស​កូរ៉េ​វិញ​គឺ​ទាម​ទៀរ​អោយ​យើង​ចង​ចាំ​នូវ​មេរៀន​និយាយ​រួម​គឺ​ទន្ទេញ​ឲ្យ​ចាំ​មេរៀន​ក្នុង​ឯកសារ​តែ​ម្តង​ដើម្បី​ទទួល​បាន​ពិន្ទុ​ខ្ពស់​ក្នុង​ពេល​ប្រឡង​ប្រសិន​បើ​យើង​គ្រាន់​តែ​ប្រើប្រាស់​ការ​យល់​ខ្លឹមសារ​មេរៀន​តែ​មួយ​មុខ​ហើយ​សរសេរ​តាម​ការ​យល់​គឺ​វា​អាច​ប៉ះពាល់​ដល់​ការ​ទទួល​ពិន្ទុ​ពី​សាស្ត្រាចារ្យ។ នាង​ខ្ញុំ​ពេល​ខ្លះ​គឺ​មាន​អារម្មណ៍​ថា​ធុញ​ថប់​ដែរ​ព្រោះ​មិន​សូវ​ជា​ទម្លាប់​ទៅ​នឹង​វា ដោយសារ​កាល​រៀន​នៅ​ស្រុក​ខ្មែរ​ ខ្ញុំ​ប្រើប្រាស់​ការ​យល់​ជំនួស​ការ​ទន្ទេញ​សម្រាប់​ពេល​ប្រឡង​ម្តងៗ។

 

សម្រាប់​បទពិសោធន៍​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​រស់នៅ​ទី​នេះ​វិញ​ រយះពេល​បី​ឆ្នាំ​កន្លះ​មក​នេះ​បញ្ហា​ដែល​ខ្ញុំ​ប្រឈម​មុខ​ទាំង​អស់​ គឺ​ខ្ញុំ​ចាត់​ទុក​វា​ជា​មេរៀន​ជីវិត​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ថ្ងៃ​អនាគត​ដែល​ទាំង​នោះ​មាន​ដូច​ជា ការ​រៀន​រស់​នៅ​ដោយ​ឯករាជ្យ​ភាព រៀន​កំនត់​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់ ​និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​និង​រៀន​ឲ្យ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​សម្រេច​ចិត្ត។ វប្បធម៌​របស់​ប្រទេស​កូរ៉េ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើន​ក្នុង​រយះ​ពេល​ដែល​ខ្ញុំ​បាន​មក​សិក្សា​នៅ​ទីនេះ⁣​⁣ ដែល​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​ជ័យលាភី​ជា​និស្សិត​អន្តរជាតិ​ឆ្នើម(Silver Academy)ប្រចាំ​សាកលវិទ្យាល័យ​ជាតិ​ភូសាន​ បន្ថែម​ជាមួយ​នឹង​ការ​ផ្តល់​អាហារូបករណ៍​និស្សិត​អន្តរជាតិ​ពី Daewoong Foundation។

 

 

 

ខ្ញុំ​បាន​ស្វែង​រក​ឃើញ​ពី​ចំនុច​ខ្សោយ​និង​រៀន​អភិវឌ្ឍន៍​វា​ឡើង​វិញ​ និង​ចំនុច​សំខាន់​នោះ​គឺ​ខ្ញុំ​បាន​ស្វែង​យល់​ពី​ភាព​ជា​អ្នក​ដឹកនាំ⁣​និង​ការ​គ្រប់គ្រង​ខ្លួន​ឯង​ជាពិសេស​មិន​ខ្ជិល​ច្រអូស​ចំំំពោះ​ការងារ​⁣ព្រោះ​ថា​ជាក់ស្តែង​ប្រជាជន​នៅ​ទីនេះ​គឺ​ស្វះស្វែង​ក្នុង​ការងារ​ខ្លាំង​ណាស់ ប្រសិន​បើ​យើង​មិន​ខំ​ប្រឹង​ដើរ​ឲ្យ​លឿន​តាម​គេ​ទេ នោះ​គឹ​យើង​នឹង​មាន​បញ្ហា​ហើយ។ ជា​ពិសេស​ខ្ញុំ​មិន​ពន្យា​ពេល​ធ្វើ​កិច្ចការ​ដល់​នាទី​ចុងក្រោយ​ឡើយ​ ខ្ញុំ​ធ្វើ​វា​ឲ្យ​ចប់​ហើយ​ទុក​ពេល​កែ​តម្រូវ​ឲ្យ​បាន​ច្រើន។

 

ខ្ញុំ​ចង់​ផ្តាំ​ផ្ញើរ​ទៅ​ប្អូនៗ​ជំនាន់​ក្រោយ​ឲ្យ​ខិតខំ​ស្វះស្វែង​រក​អាហារូបករណ៍​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ⁣⁣នេះ​មិនមែន​បាន​ន័យ​ថា​ប្រព័ន្ធ​អប់រំ​ក្នុង​ស្រុក​យើង​មិន​មាន​ស្តង់ដារ​ទេ​ ក៏​ប៉ុន្តែ​វា​ជា​បទពិសោធន៍​ដ៏​មាន​តម្លៃ​ដែល​អ្នក​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​ពេល​ដែល​មក​រស់នៅ​កន្លែង​ថ្មី​ទទួល​បាន​នូវ​⁣វប្បធម៌​ថ្មី​ដែល​យើង​នឹង​រៀនសូត្រ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត​ការងារ​នៅ​ថ្ងៃ​អនាគត។

ជា​ចុងក្រោយ​ខ្ញុំ​សូម​អរគុណ​ដល់​ប៉ាម៉ាក់​⁣ដែល​តែងតែ​ចាំ​លើក​ទឹកចិត្ត​និង​គាំទ្រ​ខ្ញុំ​ពី​ចម្ងាយ⁣⁣⁣⁣⁣⁣​ចំណេះ​ដឹង និង​បទពិសោធន៍​ដែល​ខ្ញុំ​ទទួល​បាន ខ្ញុំ​នឹង​ខិតខំ​ពង្រឹង​និង​យក​ទៅ​ចែក​រំលែក​ដើម្បី​ជា​ការ​អភិវឌ្ឃន៍​របស់​ប្រទេសជាតិ។ ​