ហេតុអ្វីមិនគួរសិក្សាពីរសកលវិទ្យាល័យ?
- 2016-08-22 09:30:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីមិនគួរសិក្សាពីរសកលវិទ្យាល័យ?
ចន្លោះមិនឃើញ
តើការសិក្សានៅថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យពីរ ឬបីបង្ហាញថានិស្សិតមានសមត្ថភាព ឬកំពុងជ្រើសរើសផ្លូវដែលគ្មានប្រសិទ្ធភាព? តើការទទួលបានសញ្ញាប័ត្រច្រើនឬចំណេះវិជ្ជាពិតប្រាកដដែលអាចបញ្ជាក់ពីតម្លៃរបស់បុគ្គលម្នាក់ៗ?
នេះគឺជាសំណួរដែលត្រូវបានសួរជារឿយៗដោយសារតែនិសិត្សនិងអាណាព្យាបាលមួយចំនួនមិនទាន់យល់ច្បាស់ថាការសម្រេចចិត្តសិក្សាថ្នាក់បរិញ្ញាប័ត្រតែមួយសកលវិទ្យាល័យជាមាគ៌ាមួយដ៏ត្រឹមត្រូវ ឬយ៉ាងណា។
តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលធ្លាប់សិក្សាថ្នាក់បរិញ្ញាប័ត្រពីរផ្សេងគ្នា ជាគ្រូបង្រៀន ហើយបច្ចុប្បន្នជាអ្នកបកប្រែ និងជាអ្នកសរសេរអត្ថបទ ថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទនេះមកបកស្រាយដើម្បីពន្លឺឲ្យប្អូនៗនិស្សិតដែលកំពុងប្រលងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិមកពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តសិក្សាអ្វីមួយ។
សុភាសិតខ្មែរមួយបានពោលថា៖ “ចេះដប់មិនស្មើនឹងប្រសប់មួយ” ត្រង់នេះគឺចង់មានន័យថា យើងត្រូវចេះជំនាញអ្វីមួយឲ្យបានច្បាស់ប្រសើរជាងចេះដឹងលើបញ្ហាច្រើនតែមិនច្បាស់ការ។ ហើយចំពោះការសម្រេចចិត្តជ្រើសរើសមុខជំនាញនៅសកលវិទ្យាល័យក៏ដូចគ្នាដែរ។
ជាធម្មតាឆមាស ឬវគ្គសិក្សាមួយ នៅសកលវិទ្យាល័យមួយទាមទារឲ្យនិស្សិតសិក្សាប្រាំមុខវិជ្ជាដែលត្រូវចំណាយពេលលើកិច្ចការផ្ទះ កិច្ចការផ្សេងៗដែលសាស្ត្រាចារ្យដាក់ឲ្យ ស្រាវជ្រាវលើអ៊ីនធឺណែត និងអានសៀវភៅដោយខ្លួនឯងសឹងតែគ្មានពេលលើការសិក្សាអ្វីផ្សេងទៀត ដូច្នេះការសិក្សាមុខជំនាញពីរវាធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការសិក្សា វាមិនខុសពីការមើលប៉ុស្តិ៍ទូរទស្សន៍ពីរក្នុងពេលតែមួយនោះទេ។
ចំណុចដែលគួរឲ្យកត់សម្គាល់គឺថាស្ទើរតែទាំងអស់នៃនិស្សិតបរទេសនៅប្រទេសផ្សេងសិក្សាមុខជំនាញតែមួយប៉ុណ្ណោះ។ ប្រសិនបើសិស្សសម្រេចចិត្តសិក្សាពីរសាកលវិទ្យាល័យ ពួកគេអាចនឹងប្រលងធ្លាក់លើមុខវិជ្ជាជាច្រើន ដោយសារមុខវិជ្ជាសិក្សាច្រើនពេកធ្វើឲ្យពួកគេអាចមិនមានពេលគ្រប់គ្រាន់ដើម្បីអានមេរៀន និងធ្វើកិច្ចការបានល្អិតល្អន់ ដែលជាលទ្ធផលពួកគេនឹងមិនបានទទួលចំណេះដឹងអ្វីមកវិញបានច្បាស់លាស់នោះទេ។ ខ្ញុំធ្លាប់ជួបជនបរទេស និងគ្រូបង្រៀនបរទេសជាច្រើនដែលមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់នៅពេលឮថានិស្សិតខ្មែរភាគច្រើនសិក្សាបរិញ្ញាប័ត្រពីរ។
មកដល់ចំណុចនេះអ្នក នឹងចាប់ផ្ដើមឆ្ងល់ថា ចុះបើនិស្សិតមិនចេះភាសាអង់គ្លេស ហេតុអីមិនឲ្យគេសិក្សាអក្សរសាស្ត្រអង់គ្លេសមួយ និងមុខជំនាញមួយផ្សេងទៀត។ សម្រាប់មុខជំនាញដូចជា៖ គណនេយ្យ សេដ្ឋកិច្ច IT ឬច្បាប់ជាដើមគឺសិស្សត្រូវតែជ្រើសរើសជាចាំបាច់។ ហើយចំណែកឲ្យភាសាអង់គ្លេសក៏សំខាន់ខ្លាំងណាស់ដែរ ដោយសារតែឯកសារស្រាវជ្រាវភាគច្រើនមានជាភាសាអង់គ្លេស បើមិនចេះអង់គ្លេសវានឹងធ្វើឲ្យមានការលំបាក និងប៉ះពាល់ខ្លាំងលើស្រាវជ្រាវផ្សេងៗ។
ត្រង់ចំណុចនេះខ្ញុំចង់បែងចែកអំពីពាក្យថាមុខជំនាញអក្សរសាស្ត្រអង់គ្លេស និងជំនាញភាសាអង់គ្លេសទូទៅ។ ថ្នាក់បរិញ្ញាប័ត្រអក្សរសាស្ត្រអង់គ្លេសមានអត្ថន័យជ្រៅ វាជាជំនាញ ហើយអ្នកដែលសិក្សាជំនាញនេះអាចនឹងក្លាយជាអ្នកនិពន្ធ គ្រូបង្រៀន ឬអ្នកជំនាញខាងផ្នែកអក្សរសាស្ត្រជាដើម ។ ចំណែកឯជំនាញភាសាអង់គ្លេសទូទៅគឺសិក្សាក្នុងគោលបំណងធ្វើការទំនាក់ទំនង ចេះអាន និងសរសេរជាលក្ខណៈទូទៅមិនស៊ីជម្រៅដូចផ្នែកអក្សរសាស្ត្រនោះទេ។ ដូច្នេះប្រសិនបើសិស្សសម្រេចចិត្តសិក្សាលើមុខជំនាញអ្វីមួយហើយ ចូរកុំសិក្សាជំនាញអក្សរសាស្ត្រអង់គ្លេស តែគួរជ្រើសថ្នាក់ភាសាអង់គ្លេសទូទៅ ដែលផ្ដោតតែលើការពង្រឹងកម្រិតភាសាអង់គ្លេសរបស់អ្នកតែមួយមុខប៉ុណ្ណោះ។
ប្រសិនបើអ្នកសម្រេចចិត្តសិក្សាមុខជំនាញតែមួយ បូករួមជាមួយការសិក្សាថ្នាក់ភាសាអង់គ្លេសទូទៅដែលអ្នកអាចសិក្សាបាននៅវិទ្យាស្ថានបណ្ដុះបណ្ដាលល្បីៗដូចជា៖ ACE, ELT, បញ្ញាសាស្ត្រ និងវិទ្យាស្ថានផ្សេងទៀត ខ្ញុំជឿជាក់ថាអ្នកនឹងមានពេលសមល្មមដើម្បីដុសខាត់ខ្លួនឲ្យក្លាយជាបញ្ញវន្តមួយរូបដែលប្រកបដោយជំនាញពិតប្រាកដ។ ហើយចំណុចវិជ្ជមានមួយទៀតដែលបានមកពីការសិក្សាតែមួយសកលវិទ្យាល័យគឺថាអ្នកនឹងមិនខ្ជះខ្ជាយពេលវេលា និងថវិកាដើម្បីសិក្សានៅសកលវិទ្យាល័យមួយផ្សេងទៀត។
ជាចុងក្រោយសូមចងចាំថាសញ្ញាប័ត្រមិនសំខាន់ដូចចំណេះដឹងពិតប្រាកដដែលយើងទទួលបាននោះទេ តែត្រូវចាត់ទុកថាមុខជំនាញដែលអ្នកសិក្សា និងភាសាអង់គ្លេសទូទៅគឺត្រូវដើរទន្ទឹមគ្នា និងមានតម្លៃដូចគ្នា និងបំពេញគ្នា ក៏ដូចជាដើម្បីធ្វើការប្រកួតប្រជែងទាំងការសិក្សា និងការងារជាលក្ខណៈអន្តរជាតិផងដែរ។
អត្ថបទ៖ Sam