ម៉ូតហ៊ីបហបកូនកាត់ច្នៃដោយកូនខ្មែរ

  • 2016-08-23 05:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមនិស្សិតមួយក្រុមមានគ្នា៣នាក់នៃសកលវិទ្យាល័យលីមកុកវីងបានចាប់ដៃគ្នាស្វែងរកគំនិតថ្មីមួយដោយច្នៃម៉ូតខោអាវបែបហ៊ីបហបរូមបញ្ចូលគំនិតតាមបែបខោអាវប្រពៃណីខ្មែរ ឲ្យចេញជាម៉ូតថ្មីមួយមើលទៅពិតជាគួរឲ្យទាក់ភ្នែកមែនទែន។​ ​កញ្ញា​សេង​​សុខឡេង​​​ អ្នក​ច្នៃ​ម៉ូត​មួយ​រូប​ក្នុង​ក្រុម​នេះ​​បាន​លើក​ឡើង​ថា​ ការ​ហូរ​ចូល​នៃ​សម្លៀក​បំពាក់​បរទេស​កាន់​តែ​​ច្រើន​ឡើងៗ​ ហើយ​ការ​ស្លៀក​ពាក់​ទៀត​សោត​​ រឹត​តែ​ធ្វើ​ឲ្យ​ភ្នែក​មហាជន គិត​ថា​ម៉ូត​សម្លៀក​បំពាក់​បែប​ខ្មែរ​សម័យ​ទំនើប​មាន​តិច​លើ​ទី​ផ្សារ​បច្ចុប្បន្ន។​

 

យុវតី​រូប​នេះ​បន្ថែម​ថា​៖« ទោះ​តិច​ឬ​ច្រើន ពួក​យើង​គ្រាន់​តែ​ចង់​ឲ្យ​យុវវ័យ​ខ្មែរ​ងាក​មក​រក​ម៉ូត​សម្លៀក​បំពាក់​បែប​ខ្មែរ​តែ​ក្នុង​បរិបទ​មួយ​ គឺ​ខ្មែរ​សម័យ​ទំនើប»​។​ ង៉ែត​​វិទ្យា​លោក​ក៏​បាន​បន្ត​ទៀត​ថា​ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​និមួយៗ​ពិត​ជា​មិន​ងាយ​ស្រួល​ទេ​ដែល​យើង​ត្រូវ​ធ្វើ​អោយ​មើល​ទៅ​មាន​ភាព​ទាក់​ទាញ​ហើយ​ប្លែក​ពី​Designerផ្សេងៗ។

 

ក្នុង​នោះ​កញ្ញា​ស៊ុន​សុម៉ាលីតា បាន​បញ្ជាក់​ដែល​ថា​ក្នុង​មួយ Collection ដែល​មាន​ ៦ ឈុត​នេះ​ប្រើ​អស់​រយៈ​ពេល​ដល់​ទៅ​ដល់​៤​ខែ​ឯ​ណោះ។កញ្ញា​បន្ត​ទៀត​ថា​ផល​វិបាក​នៃ​ការ​ធ្វើ​សម្លៀកបំពាក់​ទាំងអស់​នេះ​ឡើង​គឺ​នៅ​លើ​ការ​ជ្រើស​រើស​កំណាត់​សម្រាប់​កាត់។​

 

“ KHMER BEAT “  ជា​ Collection មួយ​រចនា​ឡើង​ដោយ​ក្រុម​និស្សិត​លីមកុកវីង​៣​រូប​មាន​ដូចជា​៖​កញ្ញា​សេង​សុខឡេង​​​  កញ្ញា  ស៊ុន សុម៉ាលីតា ​និងលោក ង៉ែត​ វិទ្យា។  ក្រុម​ច្នៃ​ម៉ូត​សម្លៀកបំពាក់​នេះ​បាន​ដាក់​ ឈ្មោះ​ក្រុម​ថា « ច្នៃ » សរសេរ​ជា​ភាសា​អង់គ្លេស ​“ CHANAI “ ។​

 

 

 

អត្ថបទ៖ Mary seng