បើប្រលងបាក់ឌុបធ្លាក់ត្រូវដោះស្រាយដូចម្តេច?

  • 2016-09-09 10:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ការប្រលងបាក់ឌុប (មធ្យមសិក្សាទុតិយភូមិ) គឺជារឿងរ៉ាវស្លាប់រស់របស់សិស្សគ្រប់ៗគ្នា ប៉ុន្តែពេលខ្លះរឿងអកុសលអាចកើតមានឡើងមិនចំពោះតែសិស្សដែលធ្វេសប្រហែលនោះទេ តែក៏វាអាចកើតឡើងចំពោះសិស្សដែលខំប្រឹងរៀនផងដែរ។ ដូច្នេះប្រសិនបើអ្នក កូនៗ មិត្តភក្តិ ឬបងប្អូនរបស់អ្នកជួបបញ្ហានេះ តើអ្នកគួរធ្វើបែបណាដើម្បីជៀសវាងការបាក់ទឹកចិត្តធ្ងន់ធ្ងរ?

 

 

​១.​ កុំ​ស្លន់ស្លោ​៖​ វា​មិនមែន​ជារឿង​ងាយ​ស្រួល​នោះ​ទេ​ នៅ​ពេល​ដែល​ឮ​ដំណឹង​ថា​អ្នក​ប្រលង​ធ្លាក់​បាក់ឌុប​ តែ​ត្រូវ​ចង​ចាំ​ថា​យើង​នៅ​មាន​ឱកាស​ច្រើន​ទៀត​ ហើយ​មាន​មនុស្ស​ជាច្រើន​ដែល​ឆ្លងកាត់​ដំណាក់​កាល​នេះ​មុន​នឹង​ប្រលង​ជាប់​។​ ត្រូវ​គិត​ថា​អ្នក​នៅ​មាន​ឱកាស​ជា​ច្រើន​ទៀត​ និង​អាច​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ប្រលង​ជាប់​។​

 

​២.​ និយាយ​ពី​អារម្មណ៍​៖ អ្នក​មិន​គួរ​លាក់​ទុក​ក្នុង​ចិត្ត​នោះ​ទេ​ វា​ចាំបាច់​ដែល​អ្នក​ត្រូវ​និយាយ​ពី​អារម្មណ៍​របស់អ្នក​ប្រាប់​គ្រួសារ​ មិត្តជិត​ស្និត​ ឬ​អ្នក​ដែល​យល់​ពី​ចិត្ត​ និង​អ្នក​ដែល​អាច​ផ្តល់​ដំបូន្មាន​ដល់​អ្នក​។ ​សូម​ចង​ចាំ​ថា​ការ​ប្រលង​ធ្លាក់​មិនមែន​ជា​ទី​បញ្ចប់​នៃ​ពិភពលោក​នោះ​ទេ​។​ អ្នក​អាច​យក​វា​ជា​បទពិសោធន៍​ដើម្បី​ជំនះ​ឧបសគ្គ​នា​ពេល​អនាគត​។​ មាន​មនុស្ស​ជោគជ័យ​ជា​ច្រើន​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​បរាជ័យ​ និង​ការ​ឈឺ​ចាប់​រាប់​មិន​អស់​។​

 

៣.​ ទទួល​យក​ការ​ណែនាំ​៖​ ទទួល​យក​ការ​ណែនាំ​ផ្នែក​អនុវត្ត​ និង​ដំបូន្មាន​ល្អៗ​ពី​គ្រូ​បំប៉ន​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ពេល​ប្រលង​លើក​ក្រោយ​។​ គ្រូ​បំប៉ន​ ឬ​មិត្តភក្តិ​ដែល​រៀន​ពូកែ​អាច​នឹង​ធ្លាប់​ជួប​បញ្ហា​ដូច​អ្នក​ ហើយ​ក៏​អាច​ធ្លាប់​ផ្តល់​ដំបូន្មាន​ប្រភេទ​នេះ​ដល់​សិស្ស​ជា​ច្រើន​ ដូច្នេះ​គាត់​យល់​អារម្មណ៍​របស់អ្នក​។​ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​បំប៉ន​ពីរ​បៀប​សិក្សា​ថា​តើ​អ្នក​មាន​អ្វី​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ប្រលង​ឬ​នៅ​?​ តើ​អ្នក​សិក្សា​បាន​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ប្រលង​ឬ​នៅ​?​ តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​គួរ​កែលម្អ​?​ តើ​សិស្ស​ពូកែ​មាន​វិធីសាស្ត្រ​សិក្សា​បែប​ណា​?​

 

​៤.​ កំណត់​គោលដៅ​ដើម្បី​ទទួល​ជោគ​ជ័យ​៖​ បន្ទាប់​ពី​អ្នក​ទទួល​បាន​ចម្លើយ​ខាង​លើ​ហើយ​ត្រូវ​ត្រៀម​អនុវត្ត​។​ រៀបចំ​គម្រោង​ឲ្យ​បាន​ច្បាស់​ ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ត្រៀម​ប្រលង​ និង​ចាត់​ចែង​ពេល​ឲ្យ​មាន​ប្រសិទ្ធភាព​ ឬ​ត្រូវ​រំលឹក​មេរៀន​ជា​មុន​យ៉ាង​ដូចម្តេច​។​

៥.​ កុំ​តឹងតែង​ចំពោះ​ខ្លួន​ឯង​ពេក​៖​ ការ​ប្រលង​បាក់​ឌុប​មាន​ការ​លំបាក​ សិស្ស​ខ្លះ​ត្រៀម​ខ្លួន​ជា​មុន​បី​ឆ្នាំ​ ​ហើយ​រៀន​ត្រៀម​ប្រលង​រហូត​ដល់​ម៉ោង​ ២​ ឬ​ ៣​ យប់​ដើម្បី​បាន​និទេស្ទ​ល្អ​។​ ​ជួនកាល​លទ្ធផល​ចេញ​មក​មិន​ដូច​ការ​គិត​របស់​យើង​ទេ​ ដូច្នេះ​ត្រូវ​តែ​រៀន​ទទួល​យក​លទ្ធផល​ និង​ការ​ពិត​។​ ត្រូវ​ចេះ​បន្ធូរ​អារម្មណ៍​ និង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តាម​លទ្ធភាព​ដែល​អ្នក​អាច​ធ្វើ​បាន​។​

 

​អត្ថបទ​៖​ Sam​