ចំណុចសំខាន់​ ៦​យ៉ាង​ដើម្បី​ក្លាយ​ជា​និសិត្ស​​ឆ្នើម​បំផុត

  • 2016-09-15 01:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​ប្រលង​បាក់​ឌុប​ទើប​តែ​ចេញ​ក្តៅៗ​ ប្អូន​ៗ​ភាគ​ច្រើន​កំពុង​តែ​រំភើប​លាយ​ជា​មួយ​អារម្មណ៍​ភ័យ​អរ​ ដោយ​សារ​វា​ជា​ចំណុច​ចាប់​ថ្មី​នៃ​ជីវិត​ប្រឡូក​នៅ​សកល​វិទ្យាល័យ​។​ ទាំង​នេះ​ជា​ដំបូន្មាន​ទាំង​ ៦​ ដែល​អ្នក​អាច​ស្វែង​យល់​ដើម្បី​ក្លាយ​ជា​និសិត្ស​ឆ្នាំ​ទី​មួយ​ដ៏​ក្លៀវក្លា​ពោរពេញ​ដោយ​ថាមពល​៖​

 

​១.​ ត្រៀម​ខ្លួន​ចូល​សង្វៀន ​៖​ ត្រៀម​ខ្លួន​ឲ្យ​ស្រេច​ ថា​ត្រូវ​សិក្សា​មុខ​ជំនាញ​អ្វី​។​ តើ​មាន​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ចូល​សិក្សា​ឬ​នៅ​។​ ការ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់ក្តៅ​ និង​ជឿជាក់​ក្នុង​ការ​ចាប់ផ្តើម​ជីវិត​ថ្មី​។​​

 

 

​២.​ ចូលរួម​សកម្មភាព​ស្ម័គ្រ​ចិត្ត​៖​ ក្រៅ​ពី​សកម្មភាព​សិក្សា​ក្នុង​ថ្នាក់​ អ្នក​គួរ​តែ​សកម្ម​ក្នុង​ការ​ចូលរួម​ស្ម័គ្រ​ចិត្ត​ ក្លឹប​សិក្សា​ សិក្ខា​សាលា​ និង​សកម្មភាព​សង្គម​ផ្សេង​ៗ​ទៀត​។​ វា​មិន​ត្រឹមតែ​ផ្តល់​ចំណេះដឹង​ទូលំទូលាយ​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​ផ្តល់​ឱកាស​ឲ្យ​អ្នក​ស្វែងយល់​ពី​ការ​ទំនាក់ទំនង​ក្នុង​សង្គម​ផង​ដែរ​។​

 

​៣.​ ស្វ័យសិក្សា​៖​ នេះ​ជា​ពេល​វេលា​ដែល​សាស្ត្រ​ចារ្យ​មាន​តួនាទី​គ្រាន់តែ​ជា​តួរង​តែ​ប៉ុណ្ណោះ​ តែ​អ្នកត្រូវ​តែ​ចេះ​សិក្សា​ និង​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ ទើប​អាច​ទទួល​បាន​ចំណេះដឹង​ទូលំទូលាយ​ និង​ពិតប្រាកដ​។​ ម្យ៉ាង​វិញ​ទៀត​ អ្នក​គួរ​តែ​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន​លើស​ពី​សៀវភៅ​សិក្សា​ និង​អ្វី​ដែល​សាស្ត្រ​ដាក់​ឲ្យ​ និយាយ​រួម​រៀន​ធ្វើ​ជា​អ្នក​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​។​

 

៤.​ រៀន​រស់​ដោយ​ឯករាជ្យ​៖​ អ្នក​អាច​ជា​និសិត្ស​មក​ពី​តាម​ខេត្ត​ ហើយ​អ្នក​អាច​នឹង​រស់​នៅ​ជាមួយ​បង​ប្អូន​ ឬ​មិត្តភក្តិ​ ដូច្នេះ​អ្នក​អាច​នឹង​ជួប​ការ​លំបាក​ច្រើន​ក្នុង​ជីវិត​រស់​នៅដែល​ពឹង​លើ​ខ្លួន​ឯង​នេះ​។​ ពេល​ខ្លះ​ដាច់​លុយ​អត់​អី​ញ៉ាំ​ ពេល​ខ្លះ​មិន​សូវ​ពេញចិត្ត​នឹង​មិត្ត​រួម​បន្ទប់​ ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ឯកា​ ពេល​ខ្លះ​ជួប​បញ្ហា​មិន​ដឹង​ថា​ត្រូវ​ដោះ​យ៉ាងណា​ ឬ​ទៅ​ពឹង​ពាក់​អ្នក​ណា​ ទាំង​នេះ​បទ​ពិសោធន៍​ដែល​និសិត្ស​ភាគ​ច្រើន​ធ្លាប់​ជួប​ប្រទះ​។​ តែ​ទោះ​បី​ជា​យ៉ាង​ក៏​ដោយ​ វា​ក៏​ជា​បទពិសោធន៍​ដ៏​ល្អ​បំផុត​ដែល​បង្រៀន​ឲ្យ​អ្នក​មាន​ម្ចាស់​ការ​លើ​ខ្លួនឯង​ និង​ហាន​ប្រឈម​នឹង​បញ្ហា​។​

 

​៥.​ កុំ​ធ្វើ​ដូច​អស្ចារ្យ​តែ​ឯង​៖​ បើ​ទោះ​បី​អ្នក​ជា​សិស្ស​ពូកែ​ ឬ​មាន​ជីវភាព​ធូរធារ​ក៏ដោយ​ អ្នក​គួរ​តែ​រៀន​សម្រប​ខ្លួន​ជាមួយ​មិត្តភក្តិ​ កុំ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​អស្ចារ្យ​ផុត​លេខ​។​ សូម​ចងចាំ​ថា​មនុស្ស​ដែល​ពូកែ​ និង​មាន​អនាគត​ជា​អ្នក​ដឹកនាំ​គឺ​ជា​មនុស្ស​ដែល​រៀន​ស្វែងយល់​ពី​មនុស្ស​គ្រប់​ប្រភេទ​នៅ​ជុំវិញ​ខ្លួន​ ដូច្នេះ​អ្នក​គួរ​រៀន​ស្វែង​យល់​ពី​មនុស្ស​គ្រប់ៗ​គ្នា​មិន​ថា​នរណា​ក៏​ដោយ​ កុំប្រកាន់ខ្លួន។​

 

​៦.​ ចេះ​មើល​ថែ​ខ្លួនឯង​៖​ បើ​ទោះ​បី​ការ​ជា​ការ​សិក្សា​ និង​ពិន្ទុ​មាន​សារៈសំខាន់​ខ្លាំង​ក៏​ដោយ​ ក៏​អ្នក​មិន​គួរ​មើល​រំលង​សុខភាព​របស់​អ្នក​ដែរ​។​ ត្រូវ​ចេះ​មើល​ថែ​ខ្លួនឯង​ឲ្យ​បាន​ល្អ​ទាំង​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ ព្រោះ​ថា​អ្នក​រស់​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​។​ ត្រូវ​ចាត់​ទុក​សុខភាព​ជា​អាទិភាព​ចម្បង​ ទើប​អាច​សម្រេច​កិច្ចការ​ផ្សេង​ទៀត​បាន​។

​ ​អត្ថបទ​៖​ Sam​