កន្លែងកម្សាន្ដដ៍ស្ងប់ស្ងាត់ « កោះស្ដេច » 

  • 2016-09-22 09:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលធុញទ្រាន់នឹងជីវិតប្រចាំថ្ងៃ មានការងារច្រើនរឺមានបញ្ហាអីធ្វើអោយមិនសប្បាយចិត្ត ហើយចង់រកទីស្ងប់ស្ងាត់ដើម្បីលំហែកាយបំភ្លេចទុក្ខ Sabay ដើរ សុំណែនាំកន្លែងដ៍ពិសេសមួយអោយគឺ “កោះស្តេច”។ ស្ថិតនៅមិនឆ្ងាយពីទីរួមខេត្តកោះកុង យើងត្រូវជិះទូករឺ កាណូតតែប្រហែល៥-១០នាទី ដើម្បីទៅដល់ទីនោះ។ ដំនើរតាមផ្លូវទឹក ត្រូវឆ្លងកាត់ទេសភាពទឹកសមុទ្រពណ៌ខៀវថ្លា អមដោយខ្យល់បក់ត្រជាក់ធ្វើអោយយើងហាក់មានអារម្មណ៍ស្រស់ស្រាយមែនទែន។

 

 

 

 

ចំណែកឯការស្នាក់នៅទីនោះវិញក៍មានតម្លៃសមរម្យដោយផ្ទះសំណាក់ក្នុងមួយបន្ទប់តម្លៃចាប់ពី១៥ដូល្លាឡើងទៅ(មានគ្រែ២)។ បើនិយាយពីម្ហូបញាំវិញ អ្នកចូលចិត្តគ្រឿងសមុទ្រធានាថានឹងត្រូវចិត្តតែម្តង ព្រោះថាក្រៅពីស្រស់ល្អ រសជាតិផ្អែមឆ្ងាញ់ អមដោយទឹកដៃធ្វើម្ហូបដ៍ប្រសព្វរបស់អ្នកស្រុកនោះហើយ វាថែមទាំងមានតម្លៃថោកទៀតផង(តែរៀងហិរបន្តិច)។ រលកនៅលើកោះនោះរៀងធំៗជាងនៅឆ្នេរសមុទ្រទូទៅ ហើយមានផ្ទាំងថ្ម បន្ថែមពីលើឆ្នេរខ្សាច់ទៀត។

 

 

 

ក្រៅពីដំណើរកំសាន្តលក្ខណះមាត់សមុទ្រហើយ នៅកោះស្តេច ក៍មានទិដ្ឋភាពអ្នកភូមិ ប្លែកខុសដាច់ពីជីវិតនៅទីក្រុងផងដែរ។ ផ្ទះនៅទីនោះភាគច្រើនមានលាបពណ៌ស្រស់ៗ ដូចជាខៀវ បៃតង លឿង មើលទៅស៊ីគ្នាជាមួយទេសភាពសមុទ្រ អមដោយការតុបតែងយ៉ាងស្រស់ស្អាតមិនចាញ់ហាងកាហ្វេល្បីៗនៅភ្នំពេញទេ។

 

 

 

 

ជីវភាពប្រជាជននៅទីនោះវិញ គឺសាមញ្ញ ដោយមិនសូវពឹងផ្អែកលើបច្ចេកវិទ្យា ពោលគឺក្មេងៗលេងបាល់ លេងសី និងល្បែងផ្សេងៗ ឯចាស់ៗក៍ប្រកបរបររៀងៗខ្លួននិងជជែកគ្នាលេងជាដើម។ អ្វីដែលគួរអោយរំភើបមួយវិញទៀតគឺពួកគេហាក់ដូចជារួសរាយរាក់ទាក់មែនទែន ញញឹមដាក់ភ្ងៀវទេសចរណ៍ហើយសួរសុខទុក្ខដូចអ្នកស្គាល់គ្នាអ៊ីចឹង។ សម្រាប់អ្នកដែលចូលចិត្តថតរូបវិញ យើងសូមធានាជូនទៀតហើយថានឹងមិនខុសបំណងតែម្តងព្រោះ នៅកោះស្តេចមានប្លង់ថតស្អាតៗច្រើន មិនចាញ់នៅបរទេសទេ មានទាំងសមុទ្រ ភ្នំ និងទេសភាពបែបអ្នកភូមិ។

 

 

 

 

និយាយជារួមទៅគឺកោះនេះមានទំហំតូចល្មម ស្ងប់ស្ងាត់ ស្រស់ស្អាត សមស្របជាមួយនឹងការពួនសំងំយកថាមពលនិង ភាពស្រស់ស្រាយអោយជីវិតវិញ។

 

 

អត្ថបទ: ដាលីន