ភាសាអ្វីអាចជំនួសភាសាអង់គ្លេសនាពេលអនាគត?

  • 2016-10-10 09:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​មុន​ខ្មែរ​យើង​យក​ភាសា​បារាំង​ជា​ភាសា​បរទេស​គោល​ តែ​បន្ទាប់​ពី​ដើម​ទសវត្ស​ទី​ ៩០​ មក​យើង​បាន​ចាប់​យក​ភាសា​អង់គ្លេស​ធ្វើ​ជា​ភាសា​ចម្បង​វិញ​ម្តង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​នៃ​ឥទ្ធិពល​អន្តរជាតិ​មក​លើ​សង្គម​កម្ពុជា​។​ ​បច្ចុប្បន្ន​នេះ​ភាសា​អង់គ្លេស​នៅ​តែជា​ភាសា​ឈាន​មុខ​ដដែល​ ដូច្នេះ​សួរ​ថា​តើ​ភាសា​ណា​ដែល​អាច​ជំនួស​ភាសា​អង់គ្លេស​បាន​ក្នុង​ពេល​អនាគត​?​

 

​ភាសា​ណា​ក៏​មាន​ប្រយោជន៍​ដែរ​ដោយ​សារ​តែ​វា​ផ្តល់​នូវ​លទ្ធភាព​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ដោយ​ប្រើ​ភាសា​នោះ​។​ ក្នុង​អត្ថបទ​នេះ​យើង​សូម​លើក​យក​ភាសា​បរទេស​ដែល​មាន​សារៈ​ប្រយោជន៍​ខ្លាំង​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​បន្ទាប់​ពី​ភាសា​អង់គ្លេស​។​ ផ្អែក​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ធនាគារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ប្រទេស​ចិន​គឺ​ជា​ប្រទេស​ដែល​ធ្វើ​ការ​វិនិយោគ​ធំ​បំផុត​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ទស្សវត្ស​មក​នេះ​ ដែល​សរុប​ជា​ទឹក​ប្រាក់​ ១៩,២​ ពាន់​លាន​ដុល្លារ​។​ ដូច្នេះ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ដែល​ត្រូវ​ការ​បុគ្គល​កម្ពុជា​ដែល​​ចេះ​ភាសា​ចិន​។ហើយចិនក៏កំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទីមួយ។ ​

 

​ក្រៅពីនេះ​ប្រសិន​បើ​អ្នក​ចេះ​ភាសា​ចិន​កុកងឺ​ វា​ក៏​ជួយ​ឲ្យ​អ្នក​ងាយ​ស្រួល​ទទួល​បាន​អាហារូបករណ៍​ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ផងដែរ​។ ​មួយវិញទៀត​អ្នក​ក៏​អាច​ធ្វើ​ការ​ស្រាវជ្រាវ​ផ្សេង​ដោយ​ប្រើ​ភាសា​ចិន​ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​ថ្មី​នៅ​ក្នុង​ពិភព​ប្រើ​ភាសា​ចិន​ដើម្បី​អភិវឌ្ឍ​ខ្លួន​។​ ហើយ​វា​ក៏​ជួយ​សម្រួល​ដល់​ការ​ទំនាក់ទំនង​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ កោះ​តៃវ៉ាន់​ សិង្ហបុរី​ ហុងកុង​ និង​​តំបន់​ផ្សេងៗនៅអាស៊ី​អាគ្នេយ៍​ដែល​ប្រើ​ភាសា​ចិន​ផងដែរ។​

 

សរុប​មក​ការ​សិក្សា​ភាសា​ចិន​កុកងឺ​អាច​ផ្តល់​ឱកាស​ការងារ​ ការ​ស្រាវជ្រាវ​ អាហា​រូបករណ៍​ និង​ឱកាស​ផ្សេងទៀត​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​។​ ហើយ​វា​នឹង​កាន់​តែ​មាន​ប្រយោជន៍​បន្ថែម​ទៀត​ក្នុង​ពេល​អនាគត​។​ ជាក់​ស្តែង​លោក​ប្រធានាធិបតី​ចិន​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ជា​លើក​ដំបូង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​នេះ​ ​វា​បង្ហាញ​ថា​ចំណង​មិត្ត​ភាព​រវាង​​ប្រទេសចិន​ និង​កម្ពុជា​កាន់​តែ​រឹងមាំ​ខ្លាំង​ឡើងៗ​ ដែល​វា​នឹង​ជម្រុញ​ដល់​អ្នក​វិនិយោគ​ និង​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ ដូច្នេះ​វា​នឹង​ផ្តល់​ឱកាស​កាន់​តែ​ច្រើន​ដល់​អ្នក​ដែល​ចេះ​ភាសា​ចិន​កុកងឺ​។​

 

អត្ថបទ៖ Sam