តើការបង់ពន្ធអាជីវកម្មធនតូច នៅកម្ពុជាមានលំដាប់លំដោយអ្វីខ្លះ?

  • 2017-02-23 02:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងប្រទេសកម្ពុជាយើង អាជីវករធនតូចនិងមនុស្សមួយចំនួនធំមិនសូវបាន​ស្គាល់ច្បាស់អំពីការចុះឈ្មោះអាជីវកម្មទៅក្នុងបញ្ជីរបស់ក្រសួងពាណិជ្ជកម្មឬក្រសួងពាក់ព័ន្ធនានា និងតម្រូវការការបង់ពន្ធរបបស្វ័យ​ប្រកាសក្រោយពីដំណើរការអាជីវកម្មរបស់ខ្លួន។ ការបង់ពន្ធគឺមានសារៈសំខាន់ណាស់ពីព្រោះការបង់ពន្ធគឺជាកត្តាចំបងដែលជាចំណែកធំក្នុងថវិការជាតិដើម្បីអភិវឌ្ឍន៏ប្រទេសជាតិអោយរីកចំរើន។ ការបង់ពន្ធមានច្រើនប្រភេទ​​​​​​ ហើយប្រភេទនីមួយៗមានរបៀបបង់ខុសៗគ្នា។ បច្ចុប្បន្ននេះការបង់ពន្ធត្រូវបានផ្លាស់ប្ដូរពីរបបប៉ាន់ស្មានទៅជាការបង់ពន្ធរបបស្វ័យប្រកាស។ ដូច្នេះហើយអត្ថបទខាងក្រោមនេះ​នឹងបកស្រាយនិងពន្យល់អ្នកអានអោយយល់នៅជំហាននៃការចុះឈ្មោះអាជីវកម្មធនតូច​​ និងតម្រូវការបង់ពន្ធទៅតាមប្រភេទនិមួយៗ។

 

 

និយមន័យ អាជីវកម្មធនតូច

អាជីវកម្មធនតូចគឺជាអាជីវកម្មដែលមានប្រាក់ចំណូលប្រចាំឆ្នាំស្ថិតក្នុងចន្លោះពី ២៥០លានរៀល ដល់៧០០លានរៀល។ ម្យ៉ាងទៀតប្រាក់ចំណូលពិត ឬប្រាក់ចំណូលរំពឹងទុកនៃអាជីវកម្មប្រភេទនេះក្នុងរយៈពេលបីខែជាប់គ្នាក្នុងមួយឆ្នាំនៃប្រតិទិនឆ្នាំចរន្ត សរុបចាប់ពី ៦០លានរៀល។ ការចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវារួមទាំងភាស៊ី ក៏ចាត់ទុកជាអាជីវកម្មធនតូចដែរ។

 

 

ជំហាននៃការចុះឈ្មោះអាជីវកម្មធនតូច

ជំហានដំបូងការចុះឈ្មោះអាជីវកម្ម តម្រូវឲ្យម្ចាស់អាជីវកម្មចុះឈ្មោះនៅក្រសួងពាក់ព័ន្ធនានា តាមរយៈគេហទំព័រ ក្រសួងពាណិជ្ជកម្ម។​ ជំហានបន្ទាប់គឺម្ចាស់អាជីវកម្មតម្រូវអោយបង់ពន្ធប្រថាប់ត្រា និងពន្ធប៉ាតង់។​ ពន្ធប្រថាបត្រាគីជាពន្ធដែលស្ដីពីការបង្កើតអាជីវកម្ម ហើយតម្រូវអោយម្ចាស់អាជីវកម្មបង់តម្លៃប្រហាក់ប្រហែលចំនួន៤ម៉ឺនរៀលសំរាប់អាជីវករធនតូច។ រីឯពន្ធប៉ាតង់គឺជាពន្ធដែលកំណត់ទៅតាមប្រាក់ចំណូលប្រចាំឆ្នាំដែលត្រូវបង់អំឡុងពេលចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ជារៀងរាល់ឆ្នាំ។​ បើអាជីវករចាប់ផ្ដើមអាជីវកម្មរបស់ខ្លួននៅចន្លោះ ៦ខែ ដើមឆ្នាំនោះអាជីវករត្រូវបង់តម្លៃពេញនៃពន្ធប៉ាតង់។​ ម៉្យាងទៀត​បើអាជីវករចាប់ផ្ដើមអាជីវកម្មរបស់ខ្លួននៅចន្លោះ ៦ខែ ចុងឆ្នាំនោះអាជីវករត្រូវបង់តម្លៃពាក់កណ្ដាលនៃពន្ធប៉ាតង់។ ហើយពន្ធប៉ាតង់មានតម្លៃប្រហាក់ប្រហែល៤០ម៉ឺនរៀលសំរាប់តែអាជីវករធនតូច។

 

 

 

ក្រោយពីការចុះឈ្មោះអាជីវកម្មធនតូច

ក្រោយពីដំណើរការអាជីវកម្មបាន ១៥ថ្ងៃរួច អាជីវករ​ត្រូវបានជាប់ពន្ធតូច។ រៀងរាល់ឆ្នាំអ្នកជាប់ពន្ធតូច​គឺតម្រូវអោយសហគ្រាសឯកកម្មសិទិ្ធ​ ឬសហគ្រាសសហកម្មសិទិ្ធត្រូវបង់នូវពន្ធចំបងចំនួន៤​គឺ ពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស​ និង​អាករលើតម្លៃបន្ថែម

 

 

ប្រសិនបើអ្នកមានសំណួរឬចម្ងល់ដែលទាក់ទងទៅនឹងការបង់ពន្ធផ្សេងៗ អ្នកអាចចុចនៅទីនេះដើម្បីឆ្ពោះទៅកាន់សំណួរ-ចម្លើយរបស់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

 

អត្ថបទ ៖ Bonid Mey