សាក​បាន​ដឹង ​កម្មវិធី Sabay E-Novel ធានា​អាន​ជក់​រហូត​អស់​ថ្ម​ទូរសព្ទ

  • 2017-02-28 01:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ក្រោយ​​រឿង​ប្រលោម​លោក​អនឡាញ​ទទួល​ការ​គាំទ្រ​ខ្លាំង​តាំង​ពី​ឆ្នាំ ២០១២ ក្រុមហ៊ុន Sabay បាន​​សម្រេច​ដាក់​ឲ្យ​ប្រើ​កម្មវិធី​​ទូរសព្ទ E-Novel ផ្លូវការ ដោយ​​ប្រមូល​ផ្តុំ​សុទ្ធ​តែ​រឿង​ប្រលោម​លោក​ល្បីៗ កាន់​តែ​ងាយ​ស្រួល​សម្រាប់​អ្នក​អាន។

 

 

លោក​ ជី សិលា នាយក​ក្រុមហ៊ុន Sabay បាន​ឲ្យ​ដឹង​ថា​ ការ​ដាក់​ឲ្យ​ប្រើ​កម្មវិធី​ទូរសព្ទ​ប្រមូល​ផ្តុំ​​សុទ្ធ​តែ​រឿង​ប្រលោម​លោក​ល្បីៗ ​ដំបូង​គេ​​នេះ គឺ​ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​ស្នាដៃ​និពន្ធ​របស់​កវី​ល្បី​ៗ។ ថែម​លើ​នេះ Sabay E-Novel ក៏​នឹង​ក្លាយ​ជា​ចំណែក​មួយ ជួយ​អភិរក្ស​និង​លើកស្ទួយ​អក្សរសិល្ប៍​ខ្មែរ​ផង​ដែរ។

លោក​បន្ត​ទៀត ថា កម្មវិធី​ទូរសព្ទ Sabay E-Novel មិន​ត្រឹម​តែ​​ក្លាយ​ជា​វេទិកា​មួយ ជំរុញ​ឲ្យ​អ្នក​និពន្ធ​ទាំងឡាយ​ចាប់​ផ្ដើម​មាន​ទឹក​ចិត្ត​​​បង្កើត​ស្នាដៃ​ឡើង​វិញ​នោះ​ទេ ថែម​ទាំង​ជំរុញ​​​ឲ្យ​យុវវ័យ​​​កម្ពុជា​​​​មាន​ទម្លាប់​អាន​កាន់​តែ​​ប្រសើរ​ឡើង។ មួយ​វិញទៀត​វា​ក៏​ជួយ​ឲ្យ​កវី​និពន្ធ​និង​អ្នក​អាន​កាន់​តែ​ខិត​ជិត​គ្នា ហើយ​ភាគី​ទាំង​សង​ខាង​នឹង​អាច​ទាញ​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

នាយក​ក្រុមហ៊ុន​រូប​នេះ បន្ថែម​ថា ដោយ​សារ​ការ​រីកចម្រើន​លើ​ផ្នែក​ភាព​យ​ន្ត​ដែល​ត្រូវ​ការ​សាច់​រឿង​ល្អៗ Sabay បាន​សហការ​​ផលិត​​​រឿង​ប្រលោម​​លោក​ មនោសញ្ចេតនា​ល្បីៗ ក្នុង​នោះ​​រឿង​ស្រទន់​មន្ត​ស្នេហ៍ និង មន្ត​ស្នេហ៍​លេខា​ ដែល​ជា​ប្រលោមលោក​​​​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​មិត្ត​អ្នក​អាន ត្រូវ​​យក​ទៅ​ជា​ផលិត​ជា​​ភាពយន្ត​ភាគ​ទូរទស្សន៍​ ហើយ​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ ២០១៧ នេះ។

 

 

Sabay E-Novel ជា​កម្មវិធី​ទូរសព្ទ​ប្រមូល​ផ្តុំ​ដោយ​រឿង​ប្រលោមលោក​​​ល្អៗ​​រាប់​រយ​រឿង ​រួម​មាន​រឿង​ប្រភេទ មនោសញ្ចេតនា គុន​និយម ព្រឺព្រួច អាថ៌កំបាំង ស៊ើបអង្កេត និង​រឿង​ព្រេង​ល្បីៗ​មាន​ទាំង​ខ្មែរ​និង​បរទេស។ ក្រៅ​ពី​សាច់​រឿង​ជា​​សំណេរ ក៏​មាន​​រឿង​ប្រលោម​លោក​ជា​សំឡេង និង​ល្ខោន​វិទ្យុ ល្អៗ​ជា​ច្រើន​ទៀត​ផង​ដែរ។

 

បច្ចុប្បន្ន​ប្រិយមិត្ត​​អាច​ទាញ​យក​កម្មវិធី Sabay E-Novel លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android តែ​សម្រាប់ iOS នឹង​មាន​ក្នុង​ពេល​ឆាប់​នេះ៕

 

អត្ថបទ៖ ផាន់និត