ទឹកធ្លាក់រមនាពីរជាទីកម្សាន្តដ៏រីករាយមានទាំងវារីអគ្គិសនីខ្នាតតូច​

  • 2017-03-06 03:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ទឹក​ធ្លាក់​រមនា​​ទី​ពីរ​ជា​កន្លែង​កម្សាន្ត​ដ៏​រីក​រាយ​មួយ​​​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី។ ​ពេល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទៅ​ដល់​ទី​នោះ​​ប្រាកដ​ជា​ចម្លែក​អារម្មណ៍​នឹង​សំឡេង​​ពីរ​ខុស​គ្នា​​ពោល​គឺ​សំឡេង​ទឹក​ធ្លាក់​ និង​សំឡេង​វារីអគ្គិសនី​លាយ​បញ្ចូល​គ្នា​ក្នុង​ពេល​តែ​មួយ។

 

សូម​ទស្សនា​វីដេអូ​

 

https://www.youtube.com/watch?time_continue=101&v=1gyU9r-3sk4

 

​​ទឹក​ធ្លាក់​លើ​​ផ្ទាំង​ថ្ម​កម្ពស់​​ប្រហែល​ជា​៥​ម៉ែត្រ​ ប៉ុន្តែ​​បើ​សរុប​ទាំង​ផ្នែក​ខាង​លើ​ និង​ខាង​ក្រោម​ប្រហែល​ជា​៣០០​ម៉ែត្រ​ដែល​​លេង​កម្សាន្ត​បាន​។​នៅ​​ជាប់​ទឹក​ធ្លាក់​នោះ​មាន​វារីអគ្គិសនី​ខ្នាត​តូច​មួយ​​ដែល​អាច​​បម្រើ​​ដល់​​អ្នក​ភូមិ​នៅ​ទី​នោះ​បាន​ខ្លះ។ វា​មាន​បំពង​ដែក​​មួយ​ប្រវែង​ប្រហែល​១៥​ម៉ែត្រ​ និង​​មាន​សន្ទះ​នៅ​ខាង​ក្នុង​សម្រាប់​​បុក​នឹង​កម្លាំង​ទឹក​​ហូរ​ចូល​ដែល​បង្កើត​បាន​ជា​សំឡេង​ផាំង​ៗ​ក្នុង​រយៈ​ពេល​ប្រមាណ​៣០​វិនាទី​ម្តង។ សំឡេង​ទឹក​​ធ្លាក់​ និង​សំឡេង​វារីអគ្គិសនី​បាន​លាន់​លឺ​ឡើង​ពេញ​ត្រចៀក​ដែល​ប្រៀប​ដូច​ជា​សំឡេង​តន្ត្រី​ និង​ស្គរ​ស្វាគមន៍​អ្នក​ទៅ​កម្សាន្ត​អីចឹង​ដែរ។

 

ទឹក​ធ្លាក់​រមនា​ពីរ​នេះ​​មិន​ថា​រដូវ​វស្សា​ ឬ​រដូវ​ប្រាំង​ឡើយ​គឺ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​អាច​ទៅ​លំហែ​កាយ​កម្សាន្ត​​បាន​គ្រប់​ពេល​វេលា។ មិន​​តែ​​​ប៉ុណ្ណោះ​ ​នៅ​អម​សង្ខាង​​​ផ្លូវ​ចូល​ទៅ​ប្រហែល​៥០០​ម៉ែត្រ​មាន​ចម្ការ​ម្រេច​ខៀវ​ស្រងាត់​ដែល​​​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ចោល​ភ្នែក​ក្រឡេក​មើល​ទៅ​មុន​ពេល​ដល់​ទឹក​ធ្លាក់។ ទឹក​ធ្លាក់​នេះ​ក៏​មាន​ដើម​ឈើ​ធំ​ៗ​ខ្ពស់​ត្រដែត​បង្កើត​បាន​ជា​ម្លប់​ត្រឈឹងត្រឈៃ​ដែរ។

 

លោក​អ្នក​ចំណាយ​ពេល​ប្រហែល​ជា​២០​នាទី​លើ​ចម្ងាយ​ផ្លូវ​​១២​គីឡូម៉ែត្រ​ចេញ​ពី​ក្រុង​សែន​មនោរម្យ​ឆ្ពោះ​ទៅ​​ទឹក​ធ្លាក់​រមនា​ពីរ​ដែល​ស្ថិត​នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោរម្យ​ ស្រុក​អូរ​រាំង​​ ខេត្ត​មណ្ឌលគីរី៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា