ចង្រិត មានសារធាតុចិញ្ចឹម ច្រើនជាងសាច់គោ លើសពីការស្មាន
- 2017-03-23 04:58:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង្រិត មានសារធាតុចិញ្ចឹម ច្រើនជាងសាច់គោ លើសពីការស្មាន
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវ នៅឯអង្គការមិនរកប្រាក់កម្រៃ «American Chemical Society» នៃសហរដ្ឋអាមេរិក បានចំណាយពេលជាច្រើនខែ ធ្វើការពិនិត្យមើលអត្ថប្រយោជន៍ នៃសត្វកណ្ដូប ចង្រិត ដង្កូវ Buffalo Worm និង ដង្កូវ Mealworm។ បើប្រៀបធៀបទៅនឹងសាច់គោ សត្វកណ្ដូប និងចង្រិត គឺសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនជាងលើសពីការស្មាន ជាពិសេសគឺ ជាតិដែក ដែលត្រូវបានគេចាត់ទុកថា ជាអត្ថប្រយោជន៍ដ៏សំខាន់នៅក្នុងសាច់គោ។
របាយការណ៍នេះត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយនិយាយថា វាជាឱកាសដើម្បីស្វែងរកប្រភព នៃសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត។
ការសិក្សាជាច្រើន បានចងក្រងជាយូរណាស់មកហើយ ដោយដឹងថា សត្វល្អិតសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ប៉ុន្តែការស្រាវជ្រាវចុងក្រោយនេះ ផ្ដល់នូវការមើលឃើញថ្មី ចំពោះសត្វល្អិត ដោយវាអាចផ្ដល់សារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត ដែលជាទូទៅមាននៅក្នុងសាច់។
ក្រុមស្រាវជ្រាវ ដែលដឹកនាំដោយ លោកស្រីវេជ្ជបណ្ឌិត Yemisi Latunde-Dada ផ្នែកវិទ្យាសាស្ត្រទឹកនោមផ្អែម និងអាហារូបត្ថម្ភ នៅឯសកលវិទ្យាល័យ King's College London ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស កំពុងតែសម្លឹងមើលរឿងដ៏សំខាន់មួយទៀត គឺ ប្រភពជំនួសនៃជាតិដែក។
ជាតិដែក គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ ដែលតែងបាត់បង់ នៅក្នុងរបបអាហារ ដែលមិនមែនជាសាច់ បង្កឲ្យកើតមានរោគខ្វះជាតិដែក ដែលអាចនាំឲ្យធ្លាក់ចុះកម្រិតយល់ដឹង ប្រព័ន្ធភាពស៊ាំ ការមានផ្ទៃពោះមិនប្រក្រតី និងបញ្ហាផ្សេងទៀត។
គួរបញ្ជាក់ថា សារជាតិខនិជ រួមទាំងកាល់ស្យូម ទង់ដែង និងស័ង្កសី ដែលបានមកពី សត្វកណ្ដូប ចង្រិត និង ដង្កូវ Mealworm គឺមានភាពងាយស្រួល ក្នុងការស្រូបយក ជាងសារជាតិខនិជ ដែលបានមកពីសាច់ ទៅទៀត៕
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail