​តំបន់​ទេសចរណ៍​​​ត្រជាក់​ចិត្ត​ទាំង​​៥​ សម្រាប់​​​អ្នក​ធុញ​ទ្រាន់​នឹង​​អាកាស​ធាតុ​​ក្ដៅ​

  • 2017-04-03 08:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​អំឡុង​​​រដូវ​​ក្ដៅ​នេះ​ ​ប្រិយ​មិត្ត​​ប្រាកដ​ជា​មាន​អារម្មណ៍​ធុញ​ថប់​​ អស់​​កម្លាំង​ ហើយ​មិន​ចង់​ធ្វើ​ដំណើរ​ទៅ​ខាង​ក្រៅ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទេសចរណ៍​​មួយ​ចំនួន​ដែល​​អាច​ផ្ដល់​នូវ​ផាសុកភាព​ និង ​​អារម្មណ៍​​ស្រស់​ស្រាយ​ត្រជាក់​ចិត្ត​​​ដល់​លោក​អ្នក​ជា​មិន​ខាន​ ​បើ​ទោះ​បី​ជា​លោក​អ្នក​កំពុង​​ស្ថិត​ក្នុង​រដូវ​ក្ដៅ​ក៏​ដោយ​។ ​​​​​​​​

 

១​ ​រមណីយដ្ឋាន​បឹង​សំរឹទ្ធ​​

​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​៤៧​ ​ហិកតា​ រមណីយដ្ឋាន​បឹង​សំរឹទ្ធ​ ​​បាន​​ទាក់ទាញ​​​ភ្ញៀវ​​ទេសចរណ៍​ជា​​ច្រើន​​​​អោយ​ទៅ​លេង​នៅ​ទី​នោះ​ក្នុង​រដូវ​ក្ដៅ​។​​ ​​​រមណីយដ្ឋាន​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​​ក្នុង​ខេត្ត​កំពង់​ធំ​មួយ​នេះ​ អាច​អោយ​​ភ្ញៀវ​​​លេង​កម្សាន្ត​​​យ៉ាង​សប្បាយ​រីករាយ​​​ជា​រួម​មាន​​ ជិះ​ស្គី​រអិល​ចុះ​ទឹក អាង​ហែល​ទឹក​ ​ជិះ​ខ្សែកាប​ ​ទស្សនា​ព្រៃ​​ព្រឹក្សា លេង​កីឡា​វាយ​កូនគោល និង​ ជិះ​កង់​​ជា​លក្ខណៈ​គូស្នេហ៍​​ជាដើម។

 

 

២​ ​​​​ទឹក​ជ្រោះ​​ភ្នំ​គូលែន​

​ស្ថិត​ក្នុង​ខេត្ត​សៀមរាប​ ទឹក​​​ជ្រោះ​ភ្នំ​គូលែន​ ត្រូវ​បាន​ប្រជាជន​ខ្មែរ​​ចាត់​ទុក​ថា​ គឺ​ជា​ទឹក​អម្រឹត​របស់​ព្រះ​អាទិទេព​ដែល​បាន​ ហូរ​​ពី​កំពូល​ភ្នំ​គូលែន​ ទៅ​កាន់​ទឹក​ដី​ដ៏​ពិសិដ្ឋ​នៃ​ក្រុង​អង្គរ​។​ ​ចំពោះ​អ្នក​ដែល​បាន​ងូត​ទឹក​ភ្នំ​គូលែន​វិញ​​ នឹង​ទទួល​បាន​អារម្មណ៍​ជ្រះ​ថ្លា​ បំបាត់​អស់​ទុក្ខ​សៅម៉ង​ ហើយ​មាន​អ្នក​ខ្លះ​​ទៀត​ថែម​ទាំង​មាន​ជំនឿ​ថា​ ទឹក​ជ្រោះ​ភ្នំ​គូលែន​អាច​នាំ​សិរីសួស្ដី​ និង ព្យាបាល​ជំងឺ​ដល់​ពួក​គាត់​បាន​ថែម​ទៀត​ផង​។

 

 

៣​ ​កោះ​រ៉ុង

​​ចំណាយ​ពេល​ជិះ​នាវា​ទេសចរណ៍​ប្រមាណ​​ត្រឹម​តែ​​មួយ​ម៉ោង​ពី​​ឆ្នេរ​នៃ​​ក្រុង​ព្រះសីហនុ​ ​​ប្រិយ​មិត្ត​អាច​ទៅ​​ដល់​​កោះ​រ៉ុង​បាន​យ៉ាង​ងាយ​។​ កោះ​​ដ៏​​ស្រស់​ស្អាត​មួយ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​​ ​ជា​តំបន់​ទេសចរណ៍​មួយ​ដែល​​​​​ភ្ញៀវ​ទេសចរ​​ជាតិ​ និង អន្តរជាតិ​​និយម​មក​​កម្សាន្ត​​ឥត​ដាច់​ ជាពិសេស​គឺ​ចំ​ពេល​​​វិស្សមកាល​រដូវ​ក្ដៅ​។ ​សម្រស់​នៃ​ធម្មជាតិ ឆ្នេរ​ខ្សាច់​ស​ស្អាត​ ផ្ទៃ​ទឹក​ថ្លា​ដូច​កញ្ចក់​ និង ​ខ្យល់​អាកាស​​បរិសុទ្ធ​ ​បាន​ទាក់​ទាញ​​ចិត្ត​ភ្ញៀវ​ទេសចរ​​​ជា​ច្រើន​​រូប​អោយ​ឆ្ពោះ​មក​កាន់​​កោះ​ឋានសួគ៌​​នេះ​​​​​ជានិច្ច​។​

 

 

​៤​ ​ទំនប់​ម្លេច​

​មាន​​ចម្ងាយ​ប្រមាណ​ ៩០​គីឡូ​ម៉ែត្រ​ ដោយ​ធ្វើ​ដំណើរ​ចេញ​​ពី​រាជធានី​ភ្នំពេញ​​តាម​ផ្លូវ​ជាតិ​លេខ​៣ ហើយ​​បទ​​ស្ដាំ​ចូល​​ប្រហែល​៦ គីឡូម៉ែត្រ​ទៀត​​ ទំនប់​ម្លេច ​គឺ​ជា​​ឈ្មោះ​រមណីយដ្ឋាន​មួយ​កន្លែង​ដែល​មាន​ទេសភាព​ធម្មជាតិ​​យ៉ាង​ល្អ​​ក្រៃ​លែង​។​ រមណីយដ្ឋាន​​ដែល​​​មាន​ទីតាំង​ស្ថិត​នៅ​ព្រំប្រទល់​រវាង​ខេត្ត​កំពត​ និង ខេត្ត​តាកែវ​មួ​យ​នេះ​​បាន​ធ្វើ​អោយ​ភ្ញៀវ​ទេសចរណ៍​​គ្រប់​រូប​ស្លុង​អារម្មណ៍​​​​​ជាមួយ​​​នឹង​សម្រស់​នៃ​​បឹង​ធម្មជាតិ អម​ជា​មួយ​ភ្នំ​​នៅ​សង​​ខាង ​ព្រម​​ទាំង​មាន​​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​​នៅ​ទី​នោះ​ទៀត​ផង​។​ មិន​តែ​ប៉ុណ្ណោះ​ ភ្ញៀវ​ក៏​អាច​ងូត​ទឹក​លេង​ និង​ រីករាយ​ជាមួយ​​អាហារ​ដ៏​ឆ្ងាញ់​នៅ​តាម​តូប​​លំហែ​កាយ​នៅ​ទី​នោះ​ទៀត​ផង​។​

 

 

៥​ ​បឹង​យក្ស​​ឡោម​

បឹង​យក្ស​ឡោម​គឺ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្បី​មួយ​របស់​កម្ពុជា​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​រតនគីរី​។ ​ដោយសារ​បឹង​នេះ​ពោរពេញ​​ទៅ​ដោយ​​ខ្យល់​អាកាស​​បរិសុទ្ធ ​​ភាព​ស្ងប់​ស្ងាត់​នៃ​ធម្មជាតិ​​ និង​ ​ព្រៃ​ព្រឹក្សា​ដែល​​ដុះ​ព័ទ្ធ​ជុំ​វិញ​បឹង​នេះ​ ​វា​បាន​បង្កើត​នូវ​អារម្មណ៍​ដ៏​​​រូម៉ែន​ទិច​សម្រាប់​ភ្ញៀវ​ទេសចរណ៍​អោយ​មក​លេង​កម្សាន្ត​ និង​ ងូត​ទឹក​​នៅ​​បឹង​នេះ​។​ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មិន​សូវ​ចេះ​ហែល​ទឹក​វិញ​​ អ្នក​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​អោយ​​មែន​ទែន​ផង​ដែរ​។​ ​យល់​ល្អ​អ្នក​គួរ​មាន​អាវ​​ពោង​អណ្ដែត​ទឹក​ពាក់​ជាប់​ខ្លួន​ និង ចង​ខ្សែ​អោយ​ជាប់​​មុន​នឹង​ចុះ​ទៅ​ហែល​ទឹក​លេង​​ក្នុង​បឹង​មួយ​នេះ​។​​​

 

 

អត្ថបទ៖ ចន្ថា