ជិត​ដល់​សង្រ្កាន្ត​ភូមិ​យើង​ទៀត​ហើយ អ្នក​បាត់​ដំបង​ត្រៀម​ខ្លួន

  • 2017-04-07 10:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បរិយាកាស​នៅ​ក្នុង​ក្រុង​បាត់ដំបង​នៅ​ក្នុង​អំឡុង​ពេល​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ប្រាកដ​ជា​មាន​ភាព​អ៊ូអរ​និង​សប្បាយ​រីករាយ​មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ​ដោយ​សារ​តែ​កម្មវិធី​សង្ក្រាន្ត​ភូមិ​យើង ដែល​​នឹង​ប្រារព្ធ​ធ្វើ​ម្ដង​ទៀត​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​​នេះ​។

កញ្ញា​កែម ច័ន្ទ​បុប្ផា ស្ថាបនិក​នៃ​កម្មវិធី​បាន​អោយ​ដឹង​ថា​ កម្មវិធី​នៅ​ក្នុង​ឆ្នាំ​នេះ​គឺ​ធ្វើ​ឡើង​ជា​ទ្រង់​ទ្រាយ​ធំ​ និង​អធិកអធម​ជាង​ឆ្នាំ​មុន​ដោយ​​​​ប្រារព្ធ​ឡើង​​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ ថ្ងៃ​ទី​៨​ និង​៩ ខែ​មេសា នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះមុនីវង្ស​។ 

នៅ​ឆ្នាំ​ដំបូង ព្រឹត្តិការណ៍​ខាង​លើ​​ទទួល​បាន​ការ​ចូលរួម​យ៉ាង​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក​ពី​សំណាក់​មិត្ត​យុវវ័យ​នៅ​ក្នុង​ខេត្ត។ ​នៅ​លើក​ទី​ពីរ​នេះ​ ​​កញ្ញា​ជឿ​ជាក់​ថា​ ​អ្នក​ចូល​រួម​​នឹង​​មាន​​កាន់​តែ​ច្រើន​កុះករ​ជាង​ឆ្នាំ​មុន​ទៀត​។

កញ្ញា​បន្ថែម​ទៀត​ថា ជា​លើក​ទី​២ វិទ្យាល័យ​ព្រះមុនីវង្ស​នឹង​ត្រូវ​រៀបចំ​អោយ​ទៅ​ជា​ភូមិ​ដ៏​ធំ​មួយ ដែល​មាន​ល្បែង​ប្រជាប្រិយ​ច្រើន​ប្រភេទ​រង់​ចាំ​អ្នក​ចូលរួម​លេង មាន​ការ​ប្រគំ​តន្ត្រី ការ​រាំ​លេង មាន​តូប​តូចៗ​សម្រាប់​លក់​ភេសជ្ជៈ​ និង​អាហារ​ជា​ដើម​។ ថវិកា​ដែល​ទទួល​បាន​ពី​កម្មវិធី​នឹង​ត្រូវ​យក​ទៅ​ជួយ​ដល់​សាលាបឋមសិក្សា​មួយ​កន្លែង​ដែល​មាន​ការ​ខ្វះ​ខាត​ក្នុង​ស្រុក​ថ្ម​គោល​។

មិន​តែ​ប៉ុណ្ណោះ ការ​សម្ដែង​ជា​លក្ខណៈ​ប្រពៃណី​ជាតិ​ ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ផង​ដែរ ដែល​ខាង​ក្រុម​ការងារ​ភូមិ​យើង​ បាន​ប្រាប់​ថា៖ “សុំ​លាក់​ទុក​សិន ដើម្បី​ធ្វើ​អោយ​ភ្ញាក់​ផ្អើល​”​។

គួរ​រំលឹក​ថា កម្មវិធី​សង្រ្កាន្ត​ភូមិ​យើង​ លើក​ទី​១​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​អ្នក​ចូលរួម​រហូត​ទៅ​ដល់​៥០០០​នាក់ ដោយ​នៅ​ក្នុង​គោល​បំណង ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី  ជួប​ជុំ​មិត្តភ័ក្ដិ​ដើម្បី​កម្សាន្ត​សប្បាយ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ លើក​ស្ទួយ​គាំទ្រ​វប្បធម៌​ ប្រពៃណី​ជាតិ​យើង និង​គោលដៅ​មនុស្ស​ធម៌​ដើម្បី​រៃ​អង្គាស​ថវិកា យក​ទៅ​ជួយ​ដល់​សិស្សានុសិស្ស​ដែល​មាន​ការ​ខ្វះ​ខាត។

ខាង​ក្រោម​នេះ ជា​ទិដ្ឋភាព​កម្មវិធី​សង្ក្រាន្ត​ភូមិ​យើង កាល​ពី​ឆ្នាំ​មុន៖​


អត្ថបទ៖ មាន រតនា