ជីផាត អេកូ​ទេសចរណ៍ មិន​គួរ​រំលេង ជាពិសេស​ចូល​ឆ្នាំ​

  • 2017-04-13 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការធ្វើដំណើរដើម្បីទស្សនានៅសហគមន៍អេកូទេសចរណ៍ជីផាត ជាផ្នែកមួយជួយលើកកម្ពស់វិស័យទេសចរណ៍ជាទូទៅ និងចូលរួមអភិរក្សតំបន់ធម្មជាតិក្នុងប្រទេសកម្ពុជា ហើយ​ក៏​ជា​ទី​ដែល​មិន​គួរ​រំលង​ដែរ សម្រាប់​អ្នក​ដែល​ចូលចិត្ត​បណ្ដែត​អារម្មណ៍​ នឹង​សម្រស់​ធម្មជាតិ ជិះទូក​កម្សាន្ត ស្រូប​​ខ្យល់​អាកាស​ ស្ដាប់​សម្លេង​ទឹកធ្លាក់​ជា​ដើម នៅ​ថ្ងៃ​សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នេះ។

ជីផាត ជាតំបន់ទេសចរណ៍បែបធម្មជាតិមួយ ស្ថិតក្នុងខេត្តកោះកុង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដោយបានរៀបចំ និងទទួលជំនួយពីអង្គការសម្ពន្ធ័មិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីអប់រំនិងជួយសហគមន៍ ធ្វើឱ្យការរស់នៅរបស់ពួកគេទទួលផលពីវិស័យទេសចរណ៍ជំនួសឱ្យការជួញដូរសត្វក្នុងតំបន់ជីផាត និងតំបន់ភ្នំក្រវាញ។

លោក ព្រហ្ម ហឹង ជាប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០១៣ អង្គការសម្ពន្ធ័មិត្តសត្វព្រៃបានកាត់បន្ថយជំនួយមកកាន់សហគមន៍ ដោយសព្វថ្ងៃនេះនៅសល់ការផ្គត់ផ្គង់ចំនួន៥ភាគរយនៃថវិកា និងការបង្ហាត់បង្រៀនផ្នែកបចេ្ចកទេសប៉ុណ្ណោះ។

តំបន់អេកូទេសចរណ៍ជីផាត មានតំបន់ទាក់ទាញ ១៥កន្លែង ស្មើនឹងផ្ទៃដី ២០០គីឡូម៉ែត្រ។ សហគមន៍បានរៀបចំជាកញ្ចប់ទេសចរណ៍ ១យប់២ថ្ងៃ រហូតដល់ ៥យប់៦ថ្ងៃ ដែលមានតម្លៃជាមធ្យមពី ៤៥ដុល្លា ដល់ ១១០ដុល្លា។ លោក ព្រហ្ម ហឹង បានឲ្យដឹងថា ភ្ញៀវដែលសហគមន៍ទទួលបាននិយមជ្រើសយកកញ្ចប់ទេសចរណ៍ ៤យប់៥ថ្ងៃ ដែលក្នុងនោះភ្ញៀវទេសចរទាំងនោះប្រមាណជា ៨៥ភាគរយ ជាជនបរទេស និង១៥ភាគរយទៀតជាជនជាតិខ្មែរ ដែលច្រើនមកទេសចរណ៍តែក្នុងរដូវបុណ្យទានប៉ុណ្ណោះ។

ជីផាត ជាឃុំមួយដែលមានបែងចែកភូមិចំនួន៤គឺ ភូមិគំលត ភូមិតជាស្លា ភូមិជីផាត និងភូមិទឹកល្អក់។ ប្រជាជនសរុបមានចំនួន ៦៣២គ្រួសារ និង ២៥០៣នាក់ ដែល៣០០គ្រួសារបានក្លាយជាសមាជិកនៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត។ សម្រាប់ការស្នាក់នៅ សហគមន៍រៀបចំឲ្យមានផ្ទះស្នាក់រួមនឹងប្រជាជនចំនួន ១៦ខ្នង ដែលស្មើរនឹង២៥បន្ទប់ បឹងហ្គាឡូ៧ ស្មើនឹង៣៥បន្ទប់ និងផ្ទះសំណាក់ចំនួន២០ ស្មើនឹង១១៨បន្ទប់។

គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាតរកចំណូលពីវិស័យទេសចរណ៍បានសរុបចំនួន ១៩ម៉ឺនដុល្លារ នៅឆ្នាំ២០១៦។ ជាទូទៅគេបែងចែក ៨០ភាគរយទៅដល់ដៃប្រជាជន និង២០ភាគរយទៀតសម្រាប់សហគមន៍។

ដោយ កើត-អ៊ូជេល ចន្ទ្រា


អត្ថបទ៖ ខ្លាឃ្មុំតូច