​មក​ស្គាល់​ មុខ​ម្ហូប​ប្លែកៗ​បំផុតប្រចាំ​ខេត្ត​ទាំង​ ៤ ​ក្នុង​ប្រទេស​កម្ពុជា​

  • 2017-04-21 03:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​មាន​ម្ហូប​ល្បីៗ​ជា​ច្រើន​មុខ និង​​តែង​តែ​ទទួល​ជា​រៀង​រាល់​ថ្ងៃ។ ដោយ​ឡែក​ថ្ងៃ​នេះ Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​មុខ​ម្ហូប​ល្បីៗ​ប្រចាំ​ខេត្ត​ទាំង ៤ ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពុំ​សូវ​មាន​អ្នក​ស្គាល់​ឡើយ​។ ​ខាង​ក្រោម​នេះ​ជា​មុខ​ម្ហូប​ប្រចាំ​ខេត្ត​ទាំង​ ៤ ​នោះ​៖

១.ខេត្ត​ព្រៃវែង​

​ សម្ល​គ្រាក់​ជា​មុខ​ម្ហូប​ដ៏​ល្បី​ល្បាញ​ប្រចាំ​ខេត្ត​ព្រៃវែង​ ងាយ​ផ្សំ​គ្រឿង ងាយ​ចម្អិន ប៉ុន្តែ​រសជាតិ​មិន​ធម្មតា​។ ដូច្នេះ​ប្រសិន​បើ​ទៅ​លេង​ខេត្ត​នេះ កុំ​ភ្លេច​សាក​សម្ល​គ្រាក់​ធានា​មិន​ខក​ចិត្ត​ឡើយ​។​

២. ខេត្ត​ស្វាយរៀង​

កកូរ​ស្លឹក​អង្កាញ់

ស្វាយរៀង មាន​កកូរ​កណ្ដៀង និង​សាច់​ជ្រូក​លីង​ជ្រក់​សណ្ដែក ជា​ម្ហូប​ល្បី​ប្រចាំ​ខេត្ត​ទាំង​មូល។ ប៉ុន្តែ នៅ​ស្រុក​មួយ​ពី​ដើម​នៃ​ខេត្ត​ស្វាយរៀង គឺ​ស្រុក​រំដួល (បច្ចុប្បន្ន​ក្រុង​ស្វាយរៀង) ក៏​មាន​ម្ហូប​លាក់​មុខ​មួយ​ប្រភេទ​ដែល​នៅ​ស្វាយរៀង​ភាគ​ច្រើន​មិន​ធ្លាប់​ឮ ឬ​មិន​ចេះ​ធ្វើ។

គ្រឿងផ្សំ

លក្ខណៈ​ពិសេស​នៃ​សម្ល​កកូរ​ស្លឹក​អង្កាញ់ គឺ​ការ​បុក​គ្រឿង​ជាមួយ​ត្រី និង​ការ​ជ្រើស​រើស និង​ស្រុស​រម្ងាស់​ស្លឹក​អង្កាញ់។ ជាក់​ស្ដែង ការ​ជ្រើស​រើស​ប្រភេទ​ត្រី ការ​បុក​គ្រឿង​ខុស​ពី​កកូរ​ផ្សេង ហើយ​ស្លឹក​អង្កាញ់​ស្រុស​រួច ត្រូវ​សម្រិត​ទឹក​ចេញ រួច​ចាក់​​ទឹក​ត្រជាក់​ រួច​ទុក​យូរ​បន្តិច ដើម្បី​បំបាត់​​ជាតិ​ល្វីង។

ស្លឹកអង្កាញ់

៣. ខេត្ត​កំពត

@ ទារ​បំពង​នៅ​ផ្សារ​ឈូក

ប្រសិន​បើ​និយាយ​ពី​​ទា​បំពង​ ឬ​ទា​ចៀន នៅ​ផ្សារ​ឈូក ខេត្ត កំពត គឺ​ជា​មុខ​​ម្ហូប​ដ៏​ពេញ​និយម​ខ្លាំង​ប្រចាំ​ខេត្ត​មួយ​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មុខម្ហូប​​មួយ​មុខ​នេះ ក៏​ជា​ទី​ពេញ​និយម​ខ្លាំង​របស់​អ្នក​ទេសចរណ៍​ផង​ដែរ។ អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​ទី​នេះ តែងតែ​ចុះ​​ទិញ​​​​ទុក​ពិសា ឬ​យក​ផ្ញើ​មិត្តភ័ក្ដិ​ជា​ដើម។ បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពត នោះ​​យើង​នឹង​ឃើញ​តូប​តូចៗ តាម​ដង​ផ្លូវ​​លក់​ទា​បំពង​​​ក្ដៅៗ ក្នុង​ផ្សារ​​ឈូក​ចាស់ ​មុន​នឹង​​​ដល់​ទី​រួម​​​ខេត្ត​កំពត។

@ នំបញ្ចុក​ទឹក​​ម្ហេច

នំបញ្ចុក​ទឹក​​ម្ហេច គឺ​ជា​អាហារ​​សម្រន់​ល្បី​ឈ្មោះ​មួយ​ប្រចាំ ខេត្ត កំពត ភ្ញៀវ​ទេសចរណ៍​ដែល​មក​​ខេត្ត មួយ​នេះ​តែងតែ​​មក​​ពិសា​​អាហារ​មួយ​​មុខ​នេះ មិន​ដាច់​ឡើយ ។ នៅ​​ឃុំ ​ព្រៃ​តុំ ស្រុកទឹក​ឈូ ខេត្ត កំពត សម្បូរ​ទៅ​ដោយ អាហារ​ប្រភេទ​នេះ​លក់​ណាស់។

តាម​ការ​ឲ្យ​ដឹង​ពី អ្នក​ស្រី​ណែត អ្នក​លក់​នំបញ្ចុក​ជិត២០ឆ្នាំ​បាន​ឲ្យ​ដឹង​ថា នំបញ្ចុក​ទឹក​​ម្ហេច ខុស​ពី​នំបញ្ចុក​សម្ល​ខ្មែរ ណាំយ៉ា ឬ ការ​រី ដែល​ចំណុច​​ខុស​នោះ គឺ​ត្រង់ ទឹក​សម្ល និង ចង្វាយ​នំ។ នំបញ្ចុក​ត្រូវ​បាន​គេ​ធ្វើ​​​​ភ្លាម​យក​ពិសា​ភ្លាម​តែ​ម្ដង មិន​ចាំ​បាច់​ចាប់​ជា​ចង្វាយ​​នោះ​ឡើយ ចំពោះ​ទឹក​សម្ល​វិញ ​ក៏​ខុស​គ្នា​ដែរ។លក្ខណៈពិសេស​​ទឹក​សម្ល​នោះ គឺ​​ធ្វើ​ពី​ត្រី​សមុទ្រ ដោយ​ស្ងោរ​ឲ្យ​ឆ្អិន​អាច​បេះ​បាន យក​មក​ផ្សំ​ជា​មួយ ​ស្លឹក​ខ្ទឹម មើម​ខ្ទឹម ម្ទេស​ទឹក​ត្រី ស្ករ អំបិល ជា​មួយ​ទឹក​ស៊ុន​ស្ងោ​ត្រី។

៤.​ខេត្ត​ប៉ៃលិន

@សម្ល​ម្ជូរ​ដើម​ចេក​ព្រៃ

ទឹក​ធ្លាក់​ភ្នំខៀវ ​ជា​រមណីយដ្ឋាន​ល្បីល្បាញ​មួយ​របស់​ខេត្ត​ប៉ៃលិន។ រមណីយដ្ឋាន​នេះ មាន​ទឹក​ធ្លាក់ ៧​ជាន់​ ដែល​មាន​សម្រស់​​ស្រស់​ស្អាត ហើយ​អ្វី​ដែល​កាន់តែ​ជា​ពិសេស​​គឺ​ម្ហូប​នៅ​ទី​នេះ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ទាក់​ចិត្ត​អតិថិជន​មក​ម្ដង​ហើយ​ចង់​មក​ម្ដង​ទៀត​នោះ​គឺ​​«សម្ល​ម្ជូរ​ដើម​ចេក​ព្រៃ»។ ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​ដឹង​រសជាតិ​ »សម្ល​ម្ជូរ​ដើម​ចេក​ព្រៃ» ឆ្ងាញ់​កម្រិត​ណា​ កុំ​ភ្លេច​ទៅ​លេង​ភ្នំ​ខៀវ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវៅ ខណ្ឌ​ប៉ៃលិន ចម្ងាយ​ប្រមាណ​ជា ៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ប៉ៃលិន  


អត្ថបទ៖ វឌ្ឍនៈ