ព្រឺសម្បុរ! ៤ កន្លែងនៅកម្ពុជាជឿថាមានខ្មោចគួរឱ្យខ្លាចបំផុត រហូតដល់បច្ចុប្បន្ន
- 2017-04-26 08:14:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឺសម្បុរ! ៤ កន្លែងនៅកម្ពុជាជឿថាមានខ្មោចគួរឱ្យខ្លាចបំផុត រហូតដល់បច្ចុប្បន្ន
ចន្លោះមិនឃើញ
អប្បិយជំនឿ តែងផ្សារភ្ជាប់ជាមួយជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាំងពីបុរាណរហូតដល់បច្ចុប្បន្ន ជាពិសេសជំនឿថាមានខ្មោចព្រាយបិសាចលងបន្លាច។ កន្លងមកក្រុមការងារផ្លូវទៅស្រុករបស់ Sabay ធ្លាប់បានទៅដល់ទីតាំងមួយចំនួនដែលប្រជាពលរដ្ឋនៅតំបន់ទាំងនោះជឿថា មានខ្មោចពិតប្រាកដមែន។ តើទីតាំងទាំង ៤នោះមាននៅខេត្តណាខ្លះ?
១.ភូមិខ្មោចជនជាតិភាគតិចកាចក់នៅរតនគីរី
ភូមិខ្មោចជនជាតិភាគតិចកាចក់ ដ៏អាថ៌កំបាំង ដែលស្ថិតនៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនៈគិរី បានបង្កប់នូវអប្បិយជំនឿដ៏រន្ធត់ព្រឺព្រួច សូម្បីម៉ោង១២កណ្ដាលថ្ងៃត្រង់ ក៏គ្មានអ្នកណាហ៊ានចូលទៅដែរ ព្រោះគេមានជំនឿថា ខ្មោចមានឥទ្ធិពលកាចសាហាវណាស់។
ពេលធ្វើដំណើរចូលដល់ភូមិខ្មោច ក្នុងព្រៃមានដើមឈើតូចធំដ៏ត្រជាក់ ស្ថិតក្នុងម្លប់រាងងងឹតបន្តិច ខ្យល់បករវិចៗ ធ្វើឲ្យស្លឹកឈើរង្គើ រួមទាំងមានផ្នូរខ្មោចជាច្រើននៅនឹងមុខ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ព្រឺសម្បុរ ទោះបីមានគ្នា៤ទៅ៥នាក់ក៏ដោយ។ ទំនៀមទម្លាប់របស់អ្នកភូមិជនជាតិកាចក់ ពេលអ្នកណាដើរចូលទៅក្នុងព្រៃខ្មោច គឺមិនឲ្យចូលក្នុងភូមិវិញទេ ព្រោះខ្លាចព្រលឹងខ្មោចទៅអុកឡុកអ្នកភូមិ ហើយម៉ោង១២ថ្ងៃត្រង់ ក៏គ្មានអ្នកណាហ៊ានចូលដែរ ព្រោះពួកគេជឿថា ជាពេលដែលខ្មោចមានឥទ្ធិពលកាចសាហាវ បើនិយាយពីពេលយប់គឺ គ្មានអ្នកណាហ៊ានក្បែរឡើយ។
រីឯភ្ញៀវទេសចរដែលចូលទៅមើលព្រៃខ្មោច ត្រូវធ្វើសញ្ញាខ្វែង (សម្រាប់អ្នកដើរក្រោយគេ) ដើម្បីរារាំងខ្មោចកុំឲ្យដើរតាមទៀត និងមិនអនុញ្ញាតឲ្យចូលក្នុងភូមិរបស់ជនជាតិកាចក់ទៀតទេ គឺត្រូវតែត្រឡប់ទៅស្រុកវិញភ្លាមៗ ហើយបើមានធ្លាក់បាត់របស់អ្វីក្នុងភូមិខ្មោចនោះ ក៏មិនអាចត្រឡប់ទៅរកវិញបានដែរ។ យ៉ាងណាមិញ សម្រាប់អ្នកភូមិជនជាតិកាចក់ ដែលស្ថិតជាប់ភូមិខ្មោច ក្បែរគ្នានោះ ពួកគេក៏ខ្លាចញញើតភូមិព្រៃខ្មោចដែរ សូម្បីជិះទូកនៅលើទន្លេចតក្បែរព្រៃខ្មោចនោះ ក៏មិនហ៊ានផង។
២. ភូមិគ្រឹងគួរឱ្យខ្លាចនៅរតនគីរី
ពេលលោកអ្នកធ្វើដំណើរចូលទៅដល់ភូមិជាតិភាគតិចគ្រឹងនៅខេត្តរតនគីរី លោកអ្នកប្រាកដជាចម្លែកអារម្មណ៍ភ្លាម ដោយសារតែភូមិទាំងមូលមានសភាពស្ងាត់ជ្រងំស្ទើរតែរកមនុស្សម្នាម្នាក់គ្មាន ប៉ុន្តែសត្វជ្រូកតូចធំពីរបីក្បាលដើររកចំណី ខណៈផ្ទះបិទទ្វារចោល។ ជាក់ស្តែងនៅភូមិឃួន ឃុំកោះពាក្យ ស្រុកវើនសៃ អ្នកភូមិបានចេញចោលផ្ទះអស់ហើយក្នុងរយៈរាប់ឆ្នាំ។ ពួកគាត់បានចាកចោលផ្ទះចាប់ពីខែកក្កដា រហូតដល់ខែមករា ឬកុម្ភៈទើបពួកគាត់វិលត្រឡប់មកផ្ទះវិញ។
ក្នុងរយៈពេលដែលពួកគាត់មិនត្រឡប់មកមើលផ្ទះសម្បែងឡើយដោយសារក្នុងផ្ទះរបស់ពួកគាត់គ្មានអ្វីឡើយក្រៅពីសំបកផ្ទះ។ ក្រៅពីនេះ ក៏មានតែសត្វជ្រូកពីរបីក្បាលដែលដើរកកាយដីរកចំណីស៊ីដោយខ្លួនឯង។ ដូច្នេះហើយទើបបានជាភូមិនីមួយៗស្ងាត់ឈឹងគួរឲ្យចម្លែក។
៣. ផ្ទះខ្មោចសក្ដិសិទ្ធិនៅកំពង់ឆ្នាំង
“ផ្ទះខ្មោចស័ក្ដិសិទ្ធិ" ធ្វើឲ្យមនុស្សមួយចំនួនឆ្ងល់ និង លាន់មាត់តៗគ្នាថា ផ្ទះនេះមានខ្មោចនៅ ដូច្នេះហើយទើបម្ចាស់ផ្ទះទុកផ្ទះនេះទុកចោលឲ្យក្លាយទៅជាទីសក្ការសម្រាប់អ្នកផងទាំងពួង ដែលធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ រវាងខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់ តែងតែឈប់សំចតធ្វើពិធីបួងសួង។
"ផ្ទះខ្មោចស័ក្ដិសិទ្ធិ" ស្ថិតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដើមឡើយផ្ទះនេះធ្វើអំពីឈើ ប៉ុន្តែក្រោយមកម្ចាស់ថ្មី បានទិញដី រួចសង់ជាថ្ម ដូចអាសនៈអ្នកតា កាលពីអំឡុងជិត១០ឆ្នាំមុន។ ទន្ទឹមនឹងគ្នានេះ នៅឯក្លោងទ្វារ បានសរសេរអក្សរធំៗនៅលើបដាថា ផ្ទះខ្មោចស័ក្ដិសិទ្ធិ។
៤. បារមីបារាយណ៍អណ្ដែតនៅព្រៃវែង
អ្នកខេត្តព្រៃវែង ប្រាកដជាបានដឹងច្បាស់ថាមានទួលបារាយណ៍អណ្ដែតមួយ ដែលល្បីស័ក្ដិសិទ្ធិតគ្នាយូរមកហើយ ប៉ុន្តែប្រហែលមិនធ្លាប់ដឹងទេថាមានរឿងអ្វីខ្លះកើតឡើងនៅទីនោះ។ រឿងរ៉ាវមួយដែលមានប្រវត្តិធ្វើឲ្យទួលបារាយណ៍អណ្ដែតល្បីឈ្មោះមកដល់បច្ចុប្បន្ន គឺមានបារមីនៅថែរក្សា និងធ្លាប់បន្លំជាអ្នកចែវទូក មកប្ដូរច្រវាមាសឲ្យអ្នកនេសាទ ២នាក់ប្ដីប្រពន្ធ រហូតតវង្សត្រកូលជាគ្រួសារធូរធារដល់សព្វថ្ងៃ។
អ្នករស់នៅខេត្តព្រៃវែង សុទ្ធតែបានឮពីតំណាលរឿងនៃការប្ដូរច្រវាមាសនេះ ដែលកើតឡើងច្រើនជំនាន់មកហើយ។ ចំណែកលោក ចន ស៊ា ជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង និងជាអ្នកគ្រប់គ្រងនៅទួលបារាយណ៍អណ្ដែត ក៏បានលើកឡើងដែរថា រឿងប្ដូរច្រវាមាសនេះជារឿងដែលកើតមានពិតប្រាកដ៕
អត្ថបទ៖ វឌ្ឍនៈ