តំបន់​ទឹក ៣ កន្លែងនៅ​កម្ពុជា​​ទេសភាព​អស្ចារ្យបំផុត ស្ទើរមិនជឿមាននៅលើលោក

  • 2017-05-12 01:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធម្មជាតិ បាន​បង្កើត​ឱ្យ​មាន​ជ្រោះ ជ្រលង​ដង​អូរ ជា​ច្រើន​រាយប៉ាយ ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​សុទ្ធ​សឹង​តែ​ជា​តំបន់​ទាក់​ចិត្ត​ បង្កើត​ឱ្យ​ក្លាយ​ជា​រមណីយដ្ឋាន​ទេសចរណ៍ បែប​ធម្មជាតិ​ជា​ច្រើន​។ ​ដោយ​ឡែក​ ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក របស់​ Sabay បាន​ផ្សង​ព្រេង​ទៅ​ផ្ទិត​យក​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ​ចំនួន​​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​ពិតៗ កម្រ​មាន​មនុស្ស​ទៅ​ដល់​ទីនោះ ​ហើយ​សុទ្ធ​តែ​ជា​ទីតាំង ដែល​មាន​ទេសភាព​ស្អាត​បំផុត ស្ទើរ​មិន​ជឿ​ថា មាន​នៅ​កម្ពុជា​។ ​ខាង​ក្រោម​នេះ ជា​តំបន់​ទឹក​ ៣​កន្លែង​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ដែល​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​ធ្លាប់​ទៅ​ដល់​៖

១. ទឹក​ជ្រោះ​ល្បាក់​ខោន

ល្បាក់​ខោន​មាន​ទី​តាំង​ស្ថិត​​នៅ​ព្រំ​​ប្រទល់​ប្រទេស​កម្ពុជា​-ឡាវ​ដែល​​នៅ​​លើ​​ទឹក​ដី​នៃ​ខេត្ត​ព្រះ​វិហារ​ជាប់​នឹង​ខេត្ត​ស្ទឹងត្រែង​​គឺ​ជា​ទឹក​ជ្រោះ​លើ​ផ្ទាំង​សិលា​​ធំ​ៗ​បាន​ក្លាយ​​សម្បត្តិ​ធម្មជាតិ​ដ៏​មហា​សាល​ដែល​អ្នក​គ្រប់​គ្នា​ឮ​ត​ៗ​គ្នា​ ប៉ុន្តែ​កម្រ​បាន​ឃើញ​ផ្ទាល់​​ភ្នែក។

​ទឹក​ធ្លាក់​លើ​ផ្ទាំង​សិលា​យក្ស​នេះ​មាន​ឈ្មោះ​ដល់​ទៅ​៣​ដែល​ត្រូវ​បាន​អ្នក​ស្រុក​និយាយ​ត​ៗ​ពី​គ្នា​គឺ​​អ្នក​ខ្លះ​ហៅ​ ទឹក​ជ្រោះ​សុភមិត្រ​ ​អ្នក​ខ្លះ​ហៅ​ ល្បាក់​ខោន​ ​ឬ​ក៏​ហៅ​ព្រះ​និម្មិត។ ប៉ុន្តែ​ឈ្មោះ​ដែល​គេ​និយម​ហៅ​ជាង​គេ​គឺ​ល្បាក់​ខោន។ វា​​ស្ថិត​នៅ​ភាគ​ខាង​​ប្រទេស​កម្ពុជា​ដែល​ជាប់​នឹង​ព្រំ​ដែន​ឡាវ។ វា​គឺជា​តំបន់​មួយ​ដែល​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​ចុះ​​ចេញ​ពី​ខ្ពង់រាប​​ធ្លាក់​ចូល​មក​ទន្លេ​មេគង្គ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។

បើ​និយាយ​ពី​ផ្ទាំង​សិលា​វិញ​ ផុស​ចេញ​ច្រងោ​ៗ​កម្ពស់​រាប់​ម៉ែត្រ​រា​រាំង​កម្លាំង​ទឹក​ហូរ​ដែល​មិន​ហត់។​ ផ្ទាំង​សិលា​យក្ស​ទាំង​នោះ​បាន​កំពុង​ប្រេះ​បែក​ជា​បណ្តើរ​ៗ​​ដែល​ត្រូវ​​បាន​សឹក​ទៅ​តាម​កម្លាំង​ទឹក​ហូរ​ និង​អាយុ​កាល​របស់​វា​បែប​ធម្មជាតិ។ ​លក្ខណៈ​ធម្មជាតិ​នេះ​ហើយ​បាន​បង្កើត​ជា​​ផ្ទាំង​ទស្សនីយភាព​ដ៏​ល្អ​ឯក។ ​អ្នក​មក​ពី​ចម្ងាយ​​មិន​ហ៊ាន​ប្រថុយ​ជិះ​ទូក​កាត់​ផ្នែក​ណា​មួយ​ឡើយ​ ព្រោះ​ខ្លាំង​នឹង​កម្លាំង​ទឹក​ហូរ​កួច​យក​ទៅ​បាត់​ ប៉ុន្តែ​អ្នក​ភូមិ​​នៅ​ជិត​ទី​នេះ​ជិះ​ទូក​ឆ្លង​កាត់​បាន​កន្លែង​ខ្លះ​ ព្រោះ​ពួក​គាត់​បាន​ស្គាល់​ច្បាស់​ពី​ភូមិ​សាស្ត្រ។

ទឹក​ធ្លាក់​ល្បាក់ខោន​ ឬ​ទឹក​ធ្លាក់​សុភមិត្រ​ គឺជា​តំបន់​មួយ​ដែល​ទឹក​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់ ​​ហើយ​ស្ថិត​ នៅ​ក្នុង​ឃុំ ​ព្រះ​រំកិល ​ស្រុក​ថា​ឡាបូរិវ៉ាត់​​ដែល​មាន​ចម្ងាយ​ប្រមាណ​ជិត​៨០​គីឡូម៉ែត្រ​ពី​ខេត្ត​ស្ទឹងត្រែង ​និង​ស្ថិត​ក្នុង​ភូមិ ​កំពង់​ស្រឡៅ ​ស្រុក​ឆែប ​ដែល​មាន​ចម្ងាយ​ជាង​១០០​គីឡូ​ម៉ត្រ​ពី​ខេត្ត​ព្រះវិហារ។ រហូត​មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ខ្មែរ​មិន​ច្រើន​ឡើយ​បាន​ទៅ​ដល់​ទី​នេះ​ ហើយ​ជន​បរទេស​ក៏​មិន​ច្រើន​ដែរ។

២. ​ដង​ព្រៃ​លិច​ទឹក​ដ៏កម្រ

​ព្រៃ​លិច​ទឹក​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​ជា​កន្លែង​កម្សាន្ត​ដ៏​កម្រ​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​ឃើញ។ ព្រៃ​លិច​ទឹក​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ រុំាសា​ (​តំបន់​អភិរក្ស​លិច​ទឹក​)​​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​តាម​ដង​ទន្លេ​មេគង្គ​ ​នៅ​ឃុំ​អូរស្វាយ​ ស្រុក​ថាឡាបូរិវ៉ាត​ ខេត្ត​ស្ទឹងត្រែង។

តំបន់​នេះ​គឺជា​ផ្នែក​មួយ​ នៃ​រាជធានី​អាណាចក្រ​ខ្មែរ​សម័យ​បុរាណ ​ និង​រាប់​បញ្ចូល​ ទាំង​រុំាសា ​(តំបន់​អភិរក្ស​ លិចទឹក) ដែល​មាន​សត្វ​ផ្សោត​តាម​ដង​​ទន្លេ​មេគង្គ​ សត្វ​បក្សា​បក្សី​ សត្វព្រៃ​ ជា​ច្រើន​​ទៀត។​ វា​ប្រៀប​​​បាន​​នឹង​​ត្បូងពេជ្រ​ដ៏​មាន​តម្លៃ​  ដែល​បាន​ផុស​ឡើង​​ពី​ទឹក​តាម​បណ្តោយ​ទន្លេ​មេគង្គ​។ ​វា​បាន​ផ្តល់​នូវ​សម្បត្តិ​ព្រៃឈើ​ដ៏​ ប្រសើរ​ ដែល​ជា​ជម្រ​ដ៏​ប្រសើរ​សម្រាប់​សត្វព្រៃ។​ ជា​ពិសេស ​ហ្វូង​បក្សា​បក្សី ​និង​ជា​ជម្រ​កត្រី​ដ៏​ប្រសើរ​ក្នុង​រដូវ​វស្សា។ វា​មាន​ទីតាំង​នៅ ឃុំ​អូរស្វាយ ​មាន​ចម្ងាយ​​៥៧​គីឡូម៉ែត្រ​ ពី​ផ្លូវជាតិ​លេខ​៧ ​និង​អាច​ធ្វើ​ដំណើរ​តាម​ទន្លេ​មេគង្គ​ដែល​ហូរ​ឆ្ពោះ​ទៅ ​ទិសពាយព្យ​នៃ​ក្រុង​ស្ទឹងត្រែង។

៣. អូរ​ច្រឡង់

​ទឹក​ហូរ​​អូរ​​ច្រឡង់​ ឬ​ហៅ​ថា ​អូរ​វែង​​ ដែល​ស្ថិត​នៅ​ចម្ងាយ​​៤៤គីឡូម៉ែត្រ​ ពី​ក្រុង​ស្ទឹងត្រែង​ ​​​​ប្រៀប​ដូច​ជា​ «ក្រមុំ​​ព្រហ្មចារី» ​នៅ​ក្នុង​ព្រៃ​ស្ងប់ស្ងាត់​ បែប​ធម្មជាតិ​សុទ្ធសាធ ​​ហើយ​​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​​ ​នៅ​​មិន​ទាន់​​ស្គាល់​ ឬ​ទៅ​លេង​ច្រើន​នោះ​ទេ។ អូរ​ច្រឡង់ ​ស្ថិត​នៅ​ភូមិ​​​អូរ​ច្រឡង់​ ​​ឃុំ​​ម្រះ​​ ស្រុក​សៀម​បូក​ ​ខេត្ត​ស្ទឹងត្រែង ​ប៉ុន្តែ​ទឹក​ហូរ​​អូរ​ដ៏​ស្រស់​ស្អាត​នេះ​ ​មិន​ទាន់​មាន​​ផ្លូវ​ចូល​ស្រួល​នៅ​ឡើយ​ទេ ដោយ​​​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​​ឆ្លង​កាត់​ព្រៃ ​​​ចម្ងាយ​​២៧០០​ម៉ែត្រ​ទើប​ដល់ ហើយ​ក៏​មិន​ទាន់​មាន​​​ចំណី​អាហារ​លក់​ដែរ ពោល​គឺ​នៅ​លក្ខណៈ​​បែប​ធម្មជាតិ​សុទ្ធសាធ​តែ​ម្ដង​​ក្នុង​ព្រៃ៕


អត្ថបទ៖ វឌ្ឍនៈ