អី្វដែលគួរធ្វើពេលកំពុងរៀនមហាវិទ្យាល័យ

  • 2017-06-20 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកខ្លះតែងយល់ថាជីវិតក្នុងវ័យមហាវិទ្យាល័យវាពិតជានឿយហត់ខ្លាំង ដោយសារតែការងារសាលាច្រើន និងកាលវិភាគម៉ោងរៀនញឹករកតែពេលសប្បាយមិនបាន។ ប៉ុន្តែត្រូវចងចាំថានេះគឺជាពេលវេលាមួយដ៏សំខាន់សម្រាប់ជីវិត ហើយថ្ងៃណាមួយ អ្នកនឹងនឹកដល់វាជាពុំខានឡើយ។ ដើម្បីកុំអោយមានវិប្បដិសារីនៅថ្ងៃក្រោយ ចូរយើងព្យាយាមប្រើប្រាស់ពេលវេលានេះអោយបានល្អ ដោយព្យាយាមធ្វើតាមការណែនាំខាងក្រោម៖

១. ដើរលេងអោយបានច្រើន

ត្រូវចាំថានៅពេលដែលអ្នកបញ្ចប់ថ្នាក់មហាវិទ្យាល័យហើយ អ្នកនឹងកាន់តែរវល់ជាងនេះទៀត ព្រោះវានឹងត្រូវដល់ពេលដែលអ្នកត្រូវចេញរកការងារធ្វើ រឺចាប់ផ្ដើមមុខជំនួញជាលើកដំបូង។ ដូច្នេះអ្នកគួរតែឆ្លៀត រាល់ពេលវិស្សមកាល ឬថ្ងៃបុណ្យឈប់សម្រាកម្តងៗ ដើម្បីរៀបគម្រោងដើរលេងទៅកន្លែងដែលអ្នកមិនធ្លាប់ទៅពីមុនមក។

២. ព្យាយាមគេងអោយបានគ្រប់ និងញ៉ាំអោយបានទៀងទាត់

ដឹងថាអ្នកទាំងអស់គ្នារវល់នឹងកិច្ចការសាលាខ្លាំងណាស់ រហូតពេលខ្លះត្រូវដាច់យប់ និងដាច់បាយដើម្បីធ្វើអោយបានទាន់ពេល។ ប៉ុន្តែកុំភ្លេចថា សុខភាពគឺជារឿងសំខាន់បំផុត។ បើសិនជាថ្ងៃក្រោយអ្នកជោគជ័យហើយ តែត្រូវធ្លាក់ខ្លួនឈឺ វានឹងមិនមានផលចំនេញនោះទេ។

៣. ស្គាល់មនុស្សអោយបានច្រើន

ជំហានបន្ទាប់ អ្នកនឹងត្រូវចេញទៅពិភពខាងក្រៅធ្វើការ ឬរកស៊ី ហើយវានឹងមានភាពងាយស្រួលបើសិនជាអ្នកស្គាល់គេច្រើន ងាយស្រួលក្នុងការរកជំនួយ សួរមតិយោបល់ និងទទួលបានការគាំទ្រ។

៤. សប្បាយជាមួយមិត្តភក្តិអោយអស់ដៃ

ការខិតខំសិក្សាគឺជារឿងល្អ ប៉ុន្តែបើសិនជាមិនចេះសម្រាកលំហែខួរក្បាលឱ្យសប្បាយខ្លះទេ វាអាចនឹងបង្កទៅជារោគស្ត្រេស ហើយធ្វើអោយមិនអាចសម្រេចការងារបានល្អទៀតផង។ ដូចនេះអ្នកគួរតែព្យាយាម និយាយលេងសើច រឹតចំណងមិត្តភាពជាមួយមិត្តរួមថ្នាក់ និងចេះជួយគ្នាទៅវិញទៅមកនៅពេលមានការងារផ្សេងៗ។

៥. សន្សំលុយ

អ្នកអាចព្យាយាមរកការងារតិចតួចធ្វើដើម្បីរកចំណូល ឬលក់ទំនិញផ្សេងៗ ដើម្បីសន្សំលុយខ្លះសម្រាប់ជាដើមទុននៅពេលរៀនចប់។ បើសិនជាមិនអាចរកចំណូលបានទេ ក៏គួរចេះចាយត្បិតត្បៀតខ្លះ និងបង្កើតគម្រោងសន្សំអោយបានច្បាស់លាស់។


អត្ថបទ៖ ដាលីន