ហាងកាហ្វេដែលមានរចនាបទបែបប្រវត្តិសាស្រ្ត វិស័យប្រៃសណីយ៍

  • 2017-07-10 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកបិទភ្នែកស្រមៃទៅមើលកាលពីជំនាន់ដែលមិនមានទូរស័ព្ទដៃកាន់ពេញខ្លួន ម្នាក់ៗព្យាយាមសរសេរសំបុត្រមួយៗ បិតតែមឲ្យស្អាត ដោយប្រើប្រាស់ថ្វីដៃរបស់ខ្លួន ហើយបញ្ជួនទៅវិញទៅមកយ៉ាងលំបាក។ សាកស្រមៃទៅមើល នៅពេលដែលយើងមិនមានកំព្យូទ័រចម្លងឯកសារក្តៅៗ ត្រូវអង្គុយ​វៃ អង្គលីលេខ ឡើងហើមដៃ។ តថភាពទាំងអស់នេះមានសារៈសំខាន់ណាស់ ក្នុងការធ្វើការថែរក្សា ព្រោះវាប្រៀបដូចជាកំណត់ហេតុកត់ត្រារបត់ប្រស្រ័យទាក់ទង ហើយ​ចង់​ដឹង​ថា​ឥឡូវនេះ​ ​នៅទី​ណា​ដែលមាន​​របស់​អស់ទាំង​នោះ​ដាក់តាំងបង្ហាញ​នោះ តោះ​!

ហាង Cam Cup Cafe ដែលទើបតែបើកសម្ភោធន៍ក្តៅៗកាលពីថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០១៧ មានគោលបំណងចង់រក្សាកេរ្តិ៍ដំណែលនៃវិស័យប្រៃសេនីយ៍នៅប្រទេសកម្ពុជាដ៏ស្រស់ផូរផង់នេះឯង។ ដោយស្ថិតនៅចំហៀងប្រៃសេនីយ៍កម្ពុជាតែម្តង អគារប្រៃសេនីយ៍ដែលមានរចនាបទសម័យបារាំងគួរឲ្យជាប់ចិត្ត បានក្លាយជាផ្ទាំងទេសភាពដែលជួយពន្លេចឡើងនូវហាងកាហ្វេសារៈមន្ទីរតូចមួយនេះ ហើយផ្តល់នូវទិដ្ឋភាពប្រៀបដូចជាសម័យសង្គមដែលតែងតែឆ្វាក់ភ្នែកអ្នកដែលធ្វើដំណើរកាត់កន្លែងនេះគ្រប់ៗគ្នា។ ហាងកាហ្វេមួយនេះត្រូវបានតុបតែងលម្អដោយសម្ភារៈចាស់ៗ ជាកេរ្តិ៍ដំណែលរបស់វិស័យមួយនេះ ដួចជាអគ្គលីលេខសល់ពីសង្គម ក៏ដូចជាតែមត្រាដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនផងដែរ។

លើសពីនេះទៅទៀត រឿងដ៏គួរឲ្យស្ងើចសរសើរមួយ គឺគំនិតនេះត្រូវបានផ្តួចផ្តើមដោយយុវតីអាយុទើបតែ២០ឆ្នាំម្នាក់ឈ្មោះ នុត មុន្នីនាថ។ គាត់ និងក្រុមយុវជន៥នាក់ទៀតមានគោលបំណងសំខាន់ៗបីក្នុងការបើកហាងកាហ្វេមួយនេះ។ ទី១៖ គឺពួកគាត់ចង់ផ្សព្វផ្សាយប្រេននៅក្នុងស្រុកដែលបង្កើតដោយយុវជនខ្មែរ។ ទី២៖ គឺចង់ឲ្យអតិថិជនគ្រប់ស្រទាប់វ័យបានភ្លក់រសជាតិកាហ្វេស្រស់ ធម្មជាតិ ហើយមិនមានជាតិគីមីផ្តេសផ្តាស។ ទី៣៖ ចង់អភិរក្សនូវសមត្ថិផល និងសម្ភារៈចាស់ៗរបស់ប្រៃសេនីយកម្ពុជា ដើម្បីដាក់បង្ហាញឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនានៅក្នុងកូនសារៈមន្ទីរដ៏តូចមួយនេះ រួមទាំងពិសាកាហ្វេឈ្ងុយឆ្ងាញ់ដោយសប្បាយរីករាយ។

ហេតុនេះហើយ បើទំនេរៗកុំភ្លេចឈានចូលទៅលេងហាងកាហ្វេ សារៈមន្ទីរមួយនេះផង។ ញ៉ុំកាហ្វេបណ្តើរ សរសេរសំបុត្រស្នេហាបណ្តើរ ដូចកាលជំនាន់មុនក៏បានដែរ!

អាសយដ្ឋាន៖ ជាប់ប្រៃសេនីយ៍កម្ពុជា លើផ្លូវលេខ១៣ (ផ្លួវព្រះអង្គអេង) កាច់ជ្រុងផ្លូវ១០២ (ផ្លួវព្រះអង្គនន្ទ) សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​


អត្ថបទ ៖ ញ៉ឹក រង្សី​