តិចច្រឡំស្រុកគេ! ឧទ្យានជាតិមួយកន្លែងនៅកម្ពុជា ទេសភាពល្អឯករកផ្ទឹមពុំបាន
- 2017-10-05 08:17:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចច្រឡំស្រុកគេ! ឧទ្យានជាតិមួយកន្លែងនៅកម្ពុជា ទេសភាពល្អឯករកផ្ទឹមពុំបាន
ចន្លោះមិនឃើញ
លាតសន្ធឹងលើផ្ទៃដីរាប់រយហិកតា គ្របដណ្ដប់ដោយវាលស្មៅដ៏ខៀវខ្ចី នៅលើកំពូលភ្នំដ៏ស្រស់ស្អាត មានដើមរុក្ខជាតិតូចធំ ទទួលពន្លឺព្រះអាទិត្យយ៉ាងច្បាស់ បានធ្វើឧទ្យានជាតិវីរៈជ័យក្លាយជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញបំផុត នៅលើទឹកដីខេត្តរតនគីរី និងស្ទឹងត្រែង។
ស្ថិតនៅភូមិភាគប៉ែកឦសាន នៃប្រទេសកម្ពុជា ឧទ្យានជាតិវីរៈជ័យ គឺជាកន្លែងលំហែអារម្មណ៍ និងស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធមួយមិនគួរមើលរំលង។ ធម្មជាតិបានបង្កើតផ្ទាំងទស្សនីយភាពជាច្រើន ក្នុងឧទ្យានមួយនេះសឹងមិនជឿនឹងភ្នែកមានទាំងដើមឈើចម្រុះពណ៌យ៉ាងស្រស់បំព្រងនៅតាមដងអូរ និងសត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្ដីសុខដូចជា សត្វស្វាកន្ទុយស ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ នេះបើតាមគេហទំព័ររបស់ក្រសួងបរិស្ថាន។
ធ្វើដំណើរផ្សងព្រេងបន្តទៅមុខទៀត ភ្ញៀវទេសចរទាំងឡាយ នឹងភ្លាំងភ្លឹកស្មារតីជាមួយសម្រស់ទឹកជ្រោះដ៏ស្រស់ត្រកាលនៅកណ្ដាលព្រៃស្រោងមួយហៅថា(ទឹកជ្រោះយក្សកែ)។ ទឹកធ្លាក់ហូរពីលើកំពូលភ្នំ បង្កើតជាសូរសៀងគ្រឹកគ្រាក់ លាយឡំជាមួយសំឡេងសត្វយំ អឺងកង ចំណែកឯទឹកវិញថ្លាឈ្វេងមើលឃើញបាតដី ធ្វើឱ្យទប់អារម្មណ៍មិនជាប់ចង់តែងូតលេងឱ្យសប្បាយរីករាយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ក្នុងតំបន់ដ៏ស្រស់ត្រកាលនេះ មានជនជាតិដើមភាគតិចព្រៅ គឺជាម្ចាស់ស្រុកដែលនឹងធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរណ៍ទាំងឡាយ មិនឱ្យឃ្នើសចិត្ត។ ក្នុងនោះ ផ្ដល់ការស្នាក់នៅយ៉ាងមានផាសុកភាព បែបជនជាតិ និងរីករាយជាមួយវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ។
សូមជម្រាបជូនថា ដើម្បីទៅដល់ទីតាំងប្រៀបដូចឋានសួគ៌លើដីនេះ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណ១៥គីឡូម៉ែត្រពីស្រុកតាវែងទៅដល់ភូមិមណ្ឌលយ៉ន អ្នកទេសចរត្រូវឆ្លងកាត់ទន្លេសេសាន និងអូរតាបូក។ តាមផ្លូវធ្វើដំណើរអ្នកទេសចរអាចមើលឃើញផ្កាព្រៃ ទេសភាពតាមដងព្រៃមិនចេះជិនណាយ៕
សូមទស្សនាកម្រងទស្សនីយភាពដ៏ស្រស់ស្អាតខាងក្រោមនេះ៖
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
រូបភាព៖ ក្រសួងបរិស្ថាន