ខែ​ត្រជាក់​អ៊ីចឹង ទៅ​លេង​៤​កន្លែង​នេះ​នៅ​កម្ពុជា​​សប្បាយ​ខ្លាំង មិន​បាច់​ចាយលុយ​ទៅ​ស្រុក​គេ

  • 2017-10-31 04:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ខែ​វិច្ឆិកា​ នេះ​ទៅ​នៅ​ប្រទេស​កម្ពុជា​ចាប់​ផ្ដើម​ធ្លាក់​ខ្យល់​រំភើយៗ ហើយ​ក៏​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ដំណើរ​កម្សាន្ត នា​រដូវ​ត្រជាក់​នេះ។ ដូច្នេះ​នៅ​ថ្ងៃ​នេះ Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​កន្លែង​កម្សាន្ត​ប្រកប​ដោយ​ទេសភាព​ដ៏​ស្រស់​បំព្រង និង​សក្ដិសម​បំផុត​ចំពោះ​អ្នក​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ស្រប​ពេល​ដែល​កម្ពុជា ចាប់​ផ្ដើម​ចុះ​ត្រជាក់​ខ្លាំង។ ដូច្នេះ​សូម​ប្រិយ​មិត្ត​ទៅ​ស្គាល់​កន្លែង​កម្សាន្ត​ទាំង​ ៤​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖​

១. Bamboo Bungalow

Bamboo Bungalow គឺ​ជា​កន្លែង​លេង​កម្សាន្ត​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ខេត្ត​កំពត ដែល​មាន​កន្លែង​គេង​ជា​បន្ទប់​ដាច់​ពី​គ្នា​ ហើយ​ថែម​ទាំង​មាន​នៅ​ជាប់​មាត់​បឹង​ទៀត​ផង​។ បើ​តាម​ការ​ប្រាប់​ពី អ្នក​ស្រី ម៉ូនីកា ជា​ម្ចាស់​រីសត​នេះ​តែ​ម្ដង​បាន​ឱ្យ​ដឹង​ថា Bamboo Bungalow ជា​កន្លែង​លម្ហែ​កាយ​បែប​ស្ងប់ស្ងាត់​ និង​រ៉ូមេន​ទិក​បំផុត នៅ​ទី​នោះ​មាន​បន្ទប់​ស្នាក់​នៅ ១៧​បន្ទប់ ​ប៉ុន្តែ​ជាប់​មាត់​​បឹង​មាន​តែ​ ៣ បន្ទប់​​ប៉ុណ្ណោះ​។ ម្ចាស់​រីសត​ខាង​លើ បាន​ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​មួយ​បន្ទប់​​មាន​តែ​គ្រែ​មួយ ​ប៉ុណ្ណោះ ចំពោះ​តម្លៃ​វិញ​ ៣០​ដុល្លារ​ក្នុង​មួយ​យប់​។

លក្ខណៈ​ពិសេស​ដែល​ភ្ញៀវ​ទេសចរណ៍​ ទទួល​បាន​ គឺ​អាច​គយគន់​ទេសភាព​ដ៏​ស្រស់​បំព្រង​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ ​ហើយ​នៅ​ពេល​ល្ងាច​អាច ជិះ​ទូក​មើល​ថ្ងៃ​រៀប​លិច ជា​ពិសេស​ពេល​យប់​អាច​គយគន់​ហ្វូង​អំពិល​អំពែក​រាប់​លាន​ក្បាល​ទៀត​ផង​។ ចំពោះ​ការ​ជិះ​ទូក​ទស្សនា ភ្ញៀវ​ខ្មែរ​ ៣​ដុល្លារ ចំណែក​ឯ​ភ្ញៀវ​បរទេស​តម្លៃ ៥​ដុល្លារ ចេញ​ដំណើរ​ពី​ម៉ោង ៥ និង​ត្រឡប់​មក​វិញ​ម៉ោង​៧​។

Bamboo Bungalow មាន​ចម្ងាយ​ប្រមាណ​ ២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​កំពត នៅ​ក្បែរ​ផ្លូវ​រថ​ភ្លើង ក្នុង​ស្រុក​ទឹក​ឈូ ​ខេត្ត​ កំពត។

២. ត្រពាំង​សង្កែ

ខ្យល់​សមុទ្រ​ដ៏​ល្អ​បរិសុទ្ធ ខណៈ​ចូល​ដល់​ជំរំ​នៃ​ម្លប់​ដើម​កោងកាង​យ៉ាង​ត្រឈឹងត្រឈៃ នឹង​នាំ​អារម្មណ៍​រីករាយ​សម្រាប់​ភ្ញៀវ​ទេសចរ​​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​លើ​​ស្ពាន​​រាប់​រយ​ម៉ែត្រ ដែល​ហ៊ុម​ព័ទ្ធ​ដោយ​សម្រស់​ធម្មជាតិ​​យ៉ាង​ខៀវ​ស្រងាត់​​។ ភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ជា​ដែន​ដី​ ប្រជា​សហគមន៍​នេសាទ បាន​ប្រែក្លាយ​អភិវឌ្ឍ​ទៅ​ជា​ភូមិ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​​ក្រុង​កំពត។

ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣៣ ពី​កំពត​មក​ខេត្ត​កែប​ចម្ងាយ​ជាង ៧ គីឡូម៉ែត្រ អ្នក​ដំណើរ​នឹង​ឃើញ​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ភូមិ​ទេសចរណ៍​ត្រពាំងសង្កែ ដែល​រំលេច​នូវ​រូបភាព​ទេសភាព​ដ៏​ស្រស់​ត្រកាល​​​នៃ​ភូមិ​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ។ ​បន្ទាប់​មក បត់​ស្កាំ​ចុះ​ពី​ផ្លូវ​ជាតិ​ប្រមាណ​ត្រឹម ៣០០ ម៉ែត្រ​ ​ឆ្លងកាត់​ភូមិ​ឋាន​ប្រជាពលរដ្ឋ នឹង​ចូល​ដល់​​ទីតាំង​ភូមិ​ទេសចរណ៍​​ត្រពាំង​សង្កែ​ ដែល​ស្ថិត​នៅ​ក្បែរ​ដៃ​សមុទ្រ​មាន​ឈ្មោះ​ថា«ព្រែក​ក្បាល​រមាស»។

​ភូមិ​ទេសចរណ៍​​ត្រពាំង​សង្កែ ភ្ញៀវ​នឹង​រីករាយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​​បក់​ផាត់​ពី​ដៃ​សមុទ្រ គយគន់​​ស្រែ​ស្រូវ​ច្បារ​ដំណាំ​ និង​ស្រែ​​អំបិល​​​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ​បន្ថែម​លើ​ពី​នេះ​ទៀត ភ្ញៀវ​ទេសចរណ៍​អាច​បន្ត​ដំណើរ​តាម​ទូក​ក្នុង​ព្រែក​ក្បាល​រមាស នៅ​អម​សង​ខាង​ជាមួយ​ទេសភាព​ដ៏​ល្អ​ត្រកាល​នៃ​ព្រៃ​លិចទឹក ដើម្បី​បាន​ដល់​តំបន់​អេកូ​ទេសចរណ៍​ព្រៃ​កោងកាង​នា​ឆ្នេរ​សមុទ្រ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​​ផ្ទាល់​។

៣. ផ្កា​ចាហួយ​រាប់​ពាន់​ដើម​នៅ​ខេត្តសៀមរាប

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ឡូយ សុវណ្ណ រស់​នៅ​ក្បែរ​ភ្នំ​អំពិល ក្នុង​ភូមិ​ពាក់​ស្នែង ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរ​ធំ ខេត្ត​សៀមរាប បាន​ប្រាប់​មក​កាន់​ Sabay ថា​ ចាប់​ពី​ចុង​ខែ​តុលា​នេះ​ទៅ ផ្កា​ចាហួយ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ភ្នំ​អំពិល ចាប់​ផ្ដើម​រីក​ស្គុះស្គាយ​ទៀត​ហើយ អ្នក​ដែល​ចូល​ចិត្ត​តំបន់​ធម្មជាតិ​ទេសភាព​ស្រស់​​ត្រកាល​អាច​ទៅ​លេង​កម្សាន្ត​បាន។

លោក​ ឡូយ សុវណ្ណ បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​នៅ​ទី​នោះ​មិន​ទាន់​បាន​អភិវឌ្ឍ​ ជា​តំបន់​ទេសចរណ៍​នោះ​ទេ ភាគ​ច្រើន​អ្នក​ទៅ​លេង​កម្សាន្ត​ជា​អ្នក​ស្រុក​ក្បែរ​នោះ​ដែល​ស្គាល់​តៗ​គ្នា។ ចំពោះ​ភ្ញៀវ​ទេសចរណ៍​ ចង់​ទៅ​លេង​កម្សាន្ត​មិន​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​បាន​ទេ ត្រូវ​ជួល​គោយន្ត​អ្នក​ភូមិ​ពាក់​ស្នែង​ជិះ​ពេញ​មួយ​ថ្ងៃ​តម្លៃ ២០​ដុល្លារ​ប៉ុណ្ណោះ អាច​ជិះ​បាន​គ្នា​២៤​នាក់។

ទៅ​ដល់​ទីនោះ​ភ្ញៀវ​ទេសចរ​ប្រាកដ​ជា​លង់​នឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត មាន​វាល​ស្មៅ​ខៀវ​ស្រងាត់​ដាច់​កន្ទុយ​ភ្នែក ជា​ពិសេស​ផ្កា​ចាហួយ​រំលេច​ពណ៌​ផ្កា​ឈូក​គួរ​ឱ្យ​គយគន់​ក្រៃ​លែង។ អ្នក​ទៅ​លេង​កម្សាន្ត​វេច​ខ្ចប់​អាហារ​យក​ទៅ​ញ៉ាំ ឬ​ក៏​អាច​ឱ្យ​អ្នក​ភូមិ​ចម្អិន​ឱ្យ​ក៏​បាន​ដែរ​ក្នុង​តម្លៃ​សមរម្យ និង​ជា​អាហារ​របស់​ភូមិ​ផ្ទាល់​។

ភ្នំអំពិលមានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត។

៤. ភ្នំ​ត្បែង​នៅ​ខេត្ត​ព្រះវិហារ

តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​អាច​ជា​កន្លែង​ទេសចរណ៍​ថ្មី​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តជាតិ ដោយ​នៅ​ទី​នោះ​មាន​ទឹក​ធ្លាក់ រូង​ប្រ​ជៀវ និង​ជា​កន្លែង​សក្ការ​។ ភ្នំ​ត្បែង​ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដែល​មាន​សម្រស់​ស្រស់​ស្អាត ដោយ​មាន​ទាំង​ព្រៃ​ធម្មជាតិ សត្វព្រៃ ទឹកធ្លាក់ និង​តំបន់​បុរាណ​ឋានសម្រាប់​ពិធី​ផ្សេងៗ​ផង​ដែរ។

ជាមួយ​នឹង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ តំបន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​មក។

តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង​នេះ​មាន​ទី​តាំង​ក្នុង​ខេត្ត​ព្រះ​វិហារ និង​គ្រប​ដណ្ដប់​លើ​ស្រុក​ចំនួន​ប្រាំ​គឺ ស្រុកសង្គមថ្មី​ ស្រុក​គូលែន ស្រុក​ត្បែង​មាន​ជ័យ ស្រុក​រវៀង និង​ក្រុង​ព្រះ​វិហារ ដែល​មានផ្ទៃ​ដី​សរុប​ចំនួន​​២៥​០០០ហិចតា។​ ​ដើម្បី​ឡើង​ដល់​ទី​តាំង​ទឹក​ធ្លាក់ និង​ទី​សក្ការ​ទាំង​នេះ អ្នក​ធ្វើ​ដំណើរ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ភ្នំ​ដែល​មាន​ចម្ការ​ចេក​ធំ​ល្វឹង​ល្វើយ និង​ត្រូវ​ឡើង​តាម​ជណ្ដើរ​កម្ពស់​៤០០​ម៉ែត្រ និង​មាន​កាំ​ជណ្ដើរ​​ចំនួន១៨០០​កាំ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖


អត្ថបទ៖ វឌ្ឍនៈ