អាហារដ្ឋាន​ចម្ការត្រាវ កន្លែងសម្រាកកម្សាន្ដ​បែបស្រែចម្ការនៅជាយក្រុង​សៀមរាប

  • 2017-11-15 07:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ដល់​ខេត្ត​សៀម​រាប ពិតណាស់​ប្រ​ជាពល​រដ្ឋ​ខ្មែរ​ប្រាកដជានឹង​ឃើញ​ដល់ប្រ​សាទបុរាណ​នានា​នៅទីនោះ។ ទោះយ៉ាងណា ក្នុង​ទឹក​ដីខេត្តមួយ​នេះមិនត្រឹម​តែសម្បូរទៅ​ដោយ​សម្បត្តិវប្បធម៌​នោះ​ទេតែ​ក៏សម្បូរ​ដែរ​នូវ​កន្លែង​កម្សាន្ត​កែច្នៃ​ផ្សេងៗទៀត។

កន្លែង​កម្សាន្ត​មួយ​មាន​ទាំង​ទេស​ភាពបែប​ស្រុក​ស្រែចម្ការ មាន​វាលស្រែ និងមាន​ទាំង​ស្រះទឹកធំៗ​ដែរនោះ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តជាតិ​ទៅ​លំហែ​កាយ​មិន​ចេះដាច់ បើទោះទីនេះ​ទើប​បើកដំណើរការ​បាន​ពីរខែរកដោយ។

លោក​ យ៉ាន វិវឌ្ឍន៍ ម្ចាស់​​អាហារ​ដ្ឋាន​ចម្ការ​ត្រាវដែលមាន​ទី​តាំង​តាម​ផ្លូវជាតិ​លេ​ខ៦ ក្នុង​សង្កាត់ទឹកវិល​ ក្រុង​សៀមរាប​ ​បានឲ្យដឹងថា ​លោក​បាន​សម្រេច​ចិត្ត​បោះ​ទុន​ប្រមាណ​​៣ម៉ឺន​​ដុល្លា​អាមេរិក​ ដើម្បី​​ប្រែក្លា​យ​ដីស្រែឪពុកមា​របស់លោក​​ទំហំជាង ១ហិកតា ឲ្យ​ទៅ​ជាកន្លែង​សម្រា​ក​​​លំហែ​កម្សា​ន្ដ​ និង​ស្រស់​​​ស្រូប​​អាហារ​​បែប​ស្រុក​ស្រែ​ចម្ការ​ដែល​ប្រើ​ប្រាស់ ​បន្លែ ត្រី​សាច់​ធម្មជាតិ​ស្រស់​ៗ​​គ្មាន​ជាតិ​គីមី​ទិញ​​ពី​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ផ្ទាល់​។​

លោក​ វិវឌ្ឍន៍ ឲ្យដឹង​បន្ថែម​ថា ​បច្ចុប្បន្ន​លោក​ជាបុគ្គលិក​ក្រុមហ៊ុនឯកជនខាង​ផ្នែក​ឌីស្សាញ​ប្លង់​អគារ​ ប៉ុន្ដែ​លោក​បែរជាចាប់ចិត្តនឹង​ការ​ប្រកប​អាជីវកម្ម​​បម្រើ​សេវា​កម្មម្ហូប​អាហារ ​ដែល​លោក​មិន​ធ្លាប់​មាន​ទាំង​មាន​ជំនាញ​ទាល់តែសោះទៅវិញ។

លោកបញ្ជាក់ថាៈ​ «​ដោយ​សារ​តែ​មាន​ចំណូល​ចិត្ត​ខាង​ទេស​ភាព​ស្រស់​ស្អាត​ និង​ខ្យល់​អាកាស​បរិសុទ្ធ​ ពេល​សំរាក​ពី​ការងារ​ផង​ ខ្ញុំ​ក៍​មាន​គំនិត​រៀប​ចំអាហារ​ដ្ឋាន​បែប​ធម្មជាតិ​នេះ​ឡើង​តែម្ដង​»។

(ប្រភេទអាហារដាក់លក់​នៅ​កន្លែង​លម្ហែចម្ការត្រាវ)

អាហារ​ដ្ឋានចម្ការ​ត្រាវ​មិន​ប្រាក​ដ​ថា​សម្បូរ​​​ដើមត្រាវ​នោះ​ទេ លោក វិវឌ្ឍន៍​ បញ្ជាក់​ថាមូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​បែបនេះ ដោយ​សារតែ​រុក្ខជាតិ​ត្រាវ​ជាម្ហូបអាហារ​របស់ខ្មែរ ហើយ​បច្ចុប្បន្ន​​ពាក្យ​ថា«​ញ៉ាំត្រាវៗ»មាន​អ្នក​និយម​ប្រើច្រើន​ ដែលថា​សំដៅ​ទៅ​ដល់​ការ​ជួប​ជុំ​ញ៉ាំ​អាហារ​ និង​ជជែក​គ្នាលេង​។

ម្ចាស់​អាហារ​ដ្ឋាន ចម្ការត្រាវ រូប​នេះ​បញ្ជាក់​បន្ថែម​ថា តាំង​ពីបើកដំណើរ​ការ​រយៈពេល​ជាង ២ខែកន្លង​មក​នេះ មាន​ភ្ញៀវជាតិ និងអន្ដរ​ជាតិ​ដូច​ជា​ចិន និង​កូរ៉េជាដើម​បាន​មក​សម្រាក​ទទួល​ទាន​អាហារ​បែប​ខ្មែរ​នៅ​កន្លែងនេះ​ជាហូរហែ​ជាពិ​សេស​នៅ​ថ្ងៃចុង​សប្ដាហ៍តែម្ដង​។

អ្នកស្រី ស្រីមុំ អ្នក​រស់នៅ​ខេត្តសៀមរាប​កំពុង​ទទួលទាន​អាហារ​ជុំគ្រួសារ​នៅអាហារ​ដ្ឋានចម្ការ​ត្រាវ ថ្លែង​ថា អ្នកស្រី​​ចូល​ចិត្ត​មក​ទទួល​ទានអាហារ​នៅទីនេះ​ដោយ​សារ​តែម្ហូបធ្វើដោយផ្សំ​គ្រឿង​​ពីធម្មជាតិ​ទំាង​អស់ ហើយ​បរិស្ថាន​ល្អ​មាន​វាល​ស្រែ​នៅជុំវិញ​ពេល​ខ្យល់​បក់​នំាមក​នូវ​ក្លិន​ស្រូវ​ក្រអូប​គួរ​ឲ្យចង់ស្រូបយក។​

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ធ្លាប់បានឲ្យដឹងថា បច្ចុប្បន្ននេះភ្ញៀវ​ទេសចរ​ជាពិសេស​ភ្ញៀវទេសច​របរ​ទេស​ដែល​មកទស្សនា​ខេត្ត​សៀម​រាប​នេះ ក្រៅ​ពី​ទស្សនា​ប្រាសាទ​បុរាណ​នានា​ភាគ​ច្រើ​​ន  គឺអ្នកទាំងនោះ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ទេសភាព​វាល​ស្រែ​វាល​ស្រូវ​ និង​អាហារ​មាន​គុណភាព​ និងអនាម័យ​។​

លោក​បានបញ្ជាក់ថា ការ​រៀប​ចំឲ្យ​មាន​អាហារ​ដ្ឋាន​ម្ហូប​ខ្មែរ​មាន​ទេសភាព​ស្រស់​ស្អាត​នា​តំបន់​ជន​បទ​នេះ​ គឺ​ពិត​ជា​បាន​រួម​ចំណែក​ដ៏​សំខាន់ក្នុង​ការ​ផ្តល់​សេវា​ជូន​ភ្ញៀវ​ទេសចរ​ និង​ជួយ​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​កម្ពុជា​បាន​យូរ​ និង​ផ្តល់​ចំណូល​ច្រើន​ដល់​ប្រជាពលរ​ដ្ឋកម្ពុជា​។


អត្ថបទដោយ៖ រស់ សុជាតិ