ចង់​ដឹងអត់ ដើម្បី​ចូលរួម​យុទ្ធនាការ​ភ្នំពេញ​ស្អាត ត្រូវ​ធ្វើ​ដូច​ម្ដេច?

  • 2017-11-16 03:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ដើម​ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ដឹង​ខ្លះៗ​ហើយ អំពី​យុទ្ធនាការ​ភ្នំពេញ​ស្អាត ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​គ្រប់គ្រង​សំរាម ចោល​សំរាម​ក្នុង​ធុង រួម​គ្នា​សំអាត​ទីក្រុង និង​ផល​ប៉ះពាល់​អំពី​ការ​ចោល​សំរាម​ទៅ​លើ​បរិស្ថាន​ជា​ដើម​។ ប៉ុន្តែ​ប្រិយមិត្ត​មួយ​ចំនួន​ក៏​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​អំពី​យុទ្ធនាការ​មួយ​នេះ ឫ​ក៏​ដឹង​ដែរ​តែ​មិន​ដឹង​ថា​គួរ​ចូល​រួម​ដោយ​របៀប​ណា​មែន​ទេ?

មិន​ពិបាក​ទេ ប្រសិន​បើ​ប្រិយមិត្ត​យុវវ័យ ប្រជាពលរដ្ឋ មន្រ្តី​រាជការ បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​រដ្ឋ អាច​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ទាំង​អស់​គ្នា គ្រាន់​តែ​ថត​វីដេអូ​ខ្លី​មួយ និយាយ​អំពី​ការ​ទម្លាប់​ក្នុង​ការ​គ្រប់គ្រង​សំរាម​របស់​ខ្លួន ឫ​និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ចោល​សំរាម។ បន្ទាប់​មក​យក​វីដេអូ​នោះ ទៅ​បង្ហោះ​ជា​សាធារណ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ជា​ការ​ស្រេច។ ក្នុង​នោះ​ដែរ ក្រុម​ការងារ​ភ្នំពេញ​ស្អាត​នឹង​ចែក​រំលែក​វីដេអូ​របស់​ប្រិយមិត្ត​ទៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​ទៀត​ផង។

ឃើញ​ទេ​ដូច​ជា​ គ្មាន​អ្វី​ពិបាក​សោះ គ្រាន់​តែ​ធ្វើ​បែប​នេះ​ប្រិយមិត្ត​អាច​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ទាំង​អស់​គ្នា និង​បាន​ជួយ​លើក​ស្ទួយ​បរិស្ថាន​របស់​យើង​ទៀត​ផង។ ដូច្នេះ​កុំ​ភ្លេច​ចូលរួម​ទាំង​អស់​គ្នា​ណា!

ចង់ដឹង​ថា គួរ​និយាយ​អ្វី​ខ្លះ​? តោះ​មក​ទស្សនា​វីដេអូ​គំរូ​របស់​កញ្ញា​ណាណា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖


អត្ថបទ៖ វឌ្ឍនៈ