នាំឲ្យស្គាល់ កន្លែងកម្សាន្តបែបស្រុកស្រែ២កន្លែង ទេសភាពស្អាត ម្ហូបឆ្ងាញ់គ្មានគីមី
- 2017-11-24 04:25:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាំឲ្យស្គាល់ កន្លែងកម្សាន្តបែបស្រុកស្រែ២កន្លែង ទេសភាពស្អាត ម្ហូបឆ្ងាញ់គ្មានគីមី
ចន្លោះមិនឃើញ
បើគិតដល់ដំណើរកម្សាន្តទៅកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ប្រិយមិត្តប្រាកដជានឹកឃើញមុនគេនូវប្រាសាទបុរាណនានា ជាពិសេសប្រាសាទអង្គរវត្តតែម្ដង។ ប៉ុន្តែសៀមរាប មិនគ្រាន់តែមានសម្បត្តិវប្បធម៌ផ្នែកស្ថាបត្យកម្មបុរាណខ្មែរដ៏អស្ចារ្យប៉ុណ្ណោះទេ តែបច្ចុប្បន្នក៏សម្បូរកន្លែងដើរលេងជាច្រើនគួរឲ្យកត់សម្គាល់។
១. អាហារដ្ឋានចម្ការត្រាវ
អាហារដ្ឋានចម្ការត្រាវ គឺជាកន្លែងសម្រាកលម្ហែកាយដ៏ល្អបំផុត សម្រាប់អ្នកចូលចិត្តទេសភាពបែបស្រុកស្រែ និងស្ងប់ស្ងាត់។ រមណីយដ្ឋានកែច្នៃបែបធម្មជាតិមួយនេះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឲ្យទៅលេងកម្សាន្តនៅទីនោះ។ ក្រៅពីមានទេសភាពដ៏ស្រស់បំព្រង មានទាំងវាលស្រែ ស្រះទឹកធំៗដ៏ថ្លាឈ្វេងព្រមទាំងផ្កាឈូកកំពុងរីកក្រពុំ និងខ្យល់អាកាសដ៏បរិសុទ្ធ ជះក្លិនក្រអូបប្រហើរនៃក្លិនស្រូវ រុក្ខជាតិតូចធំហើយនោះ គឺម្ហូបអាហារគួរឲ្យចាប់អារម្មណ៍បំផុត។
បើតាមការរៀបរាប់ពី លោក យ៉ាន វិវឌ្ឍន៍ ជាម្ចាស់អភិវឌ្ឍរមណីដ្ឋានមួយនេះ ប្រាប់ថា ម្ហូបអាហារបែបស្រុកស្រែជាច្រើនមុខដូចជាសម្លម្ជូរត្រាវកូនត្រី ម្ជូរពងត្រី ម្ជូរស្រុកស្រែ សម្លកកូរ ប្រហើរ ម្ជូរគ្រឿង ត្រីអាំងត្រីបំពង មាន់អាំង មានស្ងោ និងម្ហូបជាច្រើនមុខទៀត សុទ្ធតែបែបធម្មជាតិទាំងអស់ដោយទិញពីអ្នកភូមិផ្ទាល់គ្មានជាតិគីមី ទាំងសាច់ ត្រី និងបន្លែគ្រប់ប្រភេទស្រស់យកមកចម្អិនភ្លាមៗ ជូនពិសាក្ដៅៗយ៉ាងឈ្ងុយឆ្ងាញ់។
ដូច្នេះប្រសិនបើចង់ភ្លក់រសជាតិម្ហូបខ្មែរគ្រប់មុខដ៏ឈ្ងុយឆ្ងាញ់ និងសម្រាកលម្ហែកាយក្រវាត់ចោលភាពស្មុគស្មាញទាំងឡាយអាចទៅទីនោះបាន ដោយស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
២. រមណីយដ្ឋានធម្មជាតិភ្នំក្រោម
ក្រៅពីរមណីយដ្ឋានខាងលើ ភ្នំក្រោម ក៏ជាកន្លែងលេងកម្សាន្តបែបស្រុកស្រែដ៏ល្បីល្បាញមួយដែរ។ ចំពោះអ្នកមិនចង់ទៅកន្លែងថ្លង់អ៊ូអរ ចូលចិត្តបែបស្ងប់ស្ងាត់ រ៉ូមែនទិក ជាមួយគូស្នេហ៍ ឫជាលក្ខណៈគ្រួសារ គឺមិនខកបំណងឡើយ។ រមណីយដ្ឋានធម្មជាតិភ្នំក្រោម មានទេសភាពស្អាតលម្អដោយសួនផ្កាដ៏ស្រស់បំព្រង ស្រះទឹកដ៏ថ្លាឈ្វេងមានដាំដើមឈូក និងខ្ទូសសាងសង់លើទឹកជាច្រើនច្រើនកន្លែងទៀតផង ហើយប្រិយមិត្តក៏អាចជិះទូកលេងកម្សាន្តបានដែរ។
ជាពិសេសនោះ គឺល្បីថាម្ហូបអាហារបែបស្រុកស្រែគ្រប់មុខសុទ្ធតែឆ្ងាញ់ចង់ញ៉ាំអ្វីក៏មានតាមតម្រូវការ ហើយតម្លៃក៏សមរម្យសេវាក៏រហ័សទាន់ចិត្ត។
រមណីយដ្ឋានភ្នំក្រោមមានទីតាំងនៅភូមិក្រសាំងរលើង ស្រុកសៀមរាប ជិតភ្នំក្រោម ខេត្តសៀមរាប៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
អត្ថបទ៖ វឌ្ឍនៈ