រមណីយ​ដ្ឋាន​ថ្មី នៅ​ខេត្ត​កំពត ឃើញ​ហើយ​ចង់ទៅ​កម្សាន្ត

  • 2017-12-05 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពីខេត្ត​កំពត​វិញ​ ទាំងអ្នកទេសចរជាតិ និង​អន្តរជាតិ​ត្រូេះចំណាយពេល​មិន​តិចថ្ងៃទេ​ដើម្បី​ទៅលេង​រមណីយ​ដ្ឋាន​ជា​ច្រើន​កន្លែង​​នៅ​ក្នុង​ខេត្តជាប់មាត់​សមុទ្រ​មួយ​នេះ។​

ទន្ទឹម​នឹង​នោះ​ក៏​មាន​ដែរ​កន្លែង​កម្សាន្ត​ថ្មីៗ​ត្រូវ​បាន​បង្កើត​ជា​បន្ត​បន្ទាប់​ដើម្បី​បំពេញ​តម្រូវការេ​អ្នក​ទេសចរ​។ ជាក់​ស្តែង​ដូច​ជា​តំបន់​កម្សាន្ត​មួយ​ឈ្មោះ​ថា​ «ដូងទេរ»​ ដែល​ជា​រមណីយ​ដ្ឋាន​ថ្មី​មួយ​ដែលទើប​បាន​បង្កើត​ឡើង ​តែ​មិន​ទាន់​បើកដំណើរការ​​ជា​ផ្លូវ​ការ​នៅឡើត។

(ភ្ញៀវទេសចរ​កំពុង​អង្គុយ​លើ​ក្បួននិង​ហែល​ទឹក​លេង​កម្សាន្ត​)

​«កន្លែង​ខ្ញុំ​ចាប់​ផ្តើម​បើក​ឲ្យភ្ញៀវ​ចូល​ទស្សនា​កាល​ពី​​ថ្ងៃ​អុំទូក​ទី១ គ្រាន់​តែ​បើក​ឲ្យភ្ញៀវ​ឲ្យ​ស្គាល់​កន្លែង​សិន​ប៉ុណ្ណោះ...​ឯការ​សម្ពោធ​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​ឆាប់ៗ​នេះ​មុន​បុណ្យ​សមុទ្រ​មក​ដល់​ បន្ទាប់​ពី​យើង​បំពាក់​ឧបករណ៍​កម្សាន្ត​រួច​រាល់»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ខែម សុវណ្ណ អ្នក​គ្រប់​គ្រង​ដូងទេរ​នេះ​។​

ដូង​ទេរ​មាន​ទី​តាំង​នៅ​ជាប់​នឹង​ព្រែក​កំពត ដោយ​មាន​ការតុប​តែង​ជា​របៀប​ជន​បទ​ មាន​សម្ភារៈ​ជា​របស់​ក្នុង​ស្រុក​ដូច​ជា ឈើ ​ឫស្សី ​ស្បូវ ជាដើម​ ដើម្បី​ស៊ី​គ្នា​ជា​មួយ​ធម្មជាតិ​បៃតង​តាម​មាត់​ព្រែក​។​ លោក​សុវណ្ណ​លើក​ឡើង​​ថាៈ «Conceptនៅ​ទី​នេះ គឺ​យើង​ចង់​បង្កើត​កន្លែង​ទេសចរណ៍​មួយ​ដែល​អ្វីៗ​ធ្វើ​ពី​ធម្មជាតិ​​ប្រើ​ប្រាស់​របស់​របរ​ក្នុង​ស្រុក​នេះ​ទាំង​អស់»។

(ឆ្នេរ​នៅតាម​មាត់ព្រែក​នៃរមណីយដ្ឋាន​ដូងទេរ)

រមណីយដ្ឋាន​ដែល​យក​ឈ្មោះ​តាម​ដូង​ដុះ​ប្រប​មាត់​ព្រែក​នេះ ត្រូវ​បាន​កែ​ច្នៃ​ឲ្យ​មាន​ឆ្នេរ​ខ្សាច់​វែង​ល្មម​មួយ​ ដូច​ទៅនឹង​សមុទ្រ​ដែរ​ ដែល​អ្នកទៅ​កម្សាន្ត​អាច​មាន​អារម្មណ៍​ថា​ហាក់​ដូច​ជា​បាន​ទៅ​លេង​នៅ​សមុទ្រអ៊ីចឹង​ដែរ​។

បើ​និយាយ​ពី​ឧបករណ៍​កម្សាន្ត​វិញ​ដូង​ទេ​រមាន​​ដូច​ជា ទោង បាល់​ខ្យល់​ ទូក​ខា​យ៉ាក​ ក្តារ​រំអិល ​ក្បូន​ ហើយ​នា​ពេល​ខាង​មុខ​រមណីយ​ដ្ឋាន​ខាង​លើក៏​នឹង​បង្កើត​ជា​បឹង​កាឡូ​ ដើម្បី​អាច​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​បាន​ផង​ដែរ​​។

លោក ​សុវណ្ណ លើក​ឡើង​ថា ​បើ​នៅ​រដូវ​ផ្លែ​ឈើ​វិញ ​លោក​ថា​​មាន​ផ្លែ​ឈើ​ធម្មជាតិ​ក្នុង​តំបន់​នេះ​ផ្ទាល់ ​ដូចជា​នៅខែមករា និងខែ​កុម្ភៈ ដំណាំផ្លែឈើចាប់​ផ្តើម​ផ្លែ​ផ្កា ​មានធូរ៉េន ម៉ាក់ប្រេងម៉ាក់ប្រាង មង្ឃុត សាវ​ម៉ាវ​ ក្រូចថ្លុងជាដើម ដែល​អាច​ឲ្យ​ភ្ញៀវ​ទស្សនា​ និង​បរិភោគ​ផ្លែ​ឈើធ​ម្មជាតិ​បាន។ ក្រៅ​ពី​មាន​សេវា​កម្សាន្ត​ដោយ​ឧបករណ៍​ផ្សេងៗ​ដូងទេរ​ក៏​មាន​សេវាកម្ម​ផ្សេង​ទៀត​ដូច​ជា​​ម្ហូប​កុម៉្មង់ ភេសជ្ជៈ ​កន្លែងជប់លៀង​ ឬ​កម្មវិធី​ផ្សេងៗ​។

គួរ​បញ្ជាក់​ថា​ ដូង​ទេរ​មាន​ទីតាំង​នៅ​ភូមិ​ស្នំ​ប្រាំពីរ ​ឃុំម៉ាក់​ប្រាង្គ ​ស្រុក​ទឹកឈូ​  មាន​ចម្ងាយ​៧គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ ឬហួស​វត្ត​ស្នំ​ប្រាំពីរ​ប្រមាណ​ជា​១គីឡូម៉ែត្រ​ និង​មាន​ប៉ាណូ​បង្ហាញ​ផ្លូវ​នៅខាង​ស្តាំដៃ​ទិសដៅក្រុងកំពត-ទឹកឈូ៕ 


អត្ថបទដោយ៖ គីម សាយ