កោះម៉ាល់ឌីវ ដែលគ្រប់គ្នាប្រាថ្នា តែបើឃើញភាពអស្ចារ្យ Resort ផ្កាយ៥ នេះធានាកាន់តែចង់ទៅ
- 2017-12-19 02:54:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះម៉ាល់ឌីវ ដែលគ្រប់គ្នាប្រាថ្នា តែបើឃើញភាពអស្ចារ្យ Resort ផ្កាយ៥ នេះធានាកាន់តែចង់ទៅ
ចន្លោះមិនឃើញ
ថ្ងៃនេះ Sabay នឹងលើកយកព័ត៌មានខ្លះៗពី Resort ដ៏ពិសេសមួយក្នុងចំណោម Resort ជាច្រើននៃកោះម៉ាល់ឌីវ ដោយស្ថិតនៅតំបន់ត្រូពិកមហាសមុទ្រឥណ្ឌា ដែលមានឆ្នេរ ក៏ដូចជាទេសភាពស្អាតៗព្រមទាំងជាកន្លែងមនុស្សជាច្រើនប្រាថ្នាចង់ទៅ ពិសេសអ្នកទើបរៀបការរួច។
Finolhu Villas ជា Resort ផ្កាយ៥ របស់ក្រុមហ៊ុន Club Med បង្កើតលើកោះម៉ាល់ឌីវ ដោយក្នុងនោះបែងចែកជា ២ប្រភេទ ផ្ទះលើទឹក និងផ្ទះលើឆ្នេរ ដែលក្រៅពីរបស់ប្រើប្រាស់ទំនើបៗ និងការរៀបចំដ៏ទាក់ទាញ ព្រមទាំងអ្នកប្រចាំការម្នាក់ ផ្ទះនីមួយៗក៏មានអាងហែលទឹកដាច់ដោយឡែកផងដែរ។
លោក Khun Ronnaphop NOPSUWAN ប្រធានផ្នែកលក់ Club Med បាននិយាយក្នុងពិធីជួបជុំក្រុមហ៊ុនទេសចរណ៍កម្ពុជាថា៖ "ពេលអ្នកបង់លុយ អ្នកនឹងទទួលបានសេវាកម្មជាកញ្ចប់ ទាំងការកម្សាន្តគ្រប់ប្រភេទ ម្ហូបអាហារសម្រាប់ភ្ញៀវគ្រប់តំបន់ ភេសជ្ជៈ និងសេវាជាច្រើនទៀត ដែលនេះជាចំណុចខុសប្លែករបស់ Finolhu Villas បើធៀបទៅនឹង Resort ដទៃនៅម៉ាល់ឌីវ ដោយមិនមានកម្មវិធីកម្សាន្តច្រើន និងផ្ដល់តាមអ្វីអ្នកស្នាក់នៅចង់បានឡើយ"។
អ្វីដែលពិសេសនោះគឺប្រភេទផ្ទះសម្រាប់មើលថ្ងៃលិច និងថ្ងៃរះរបស់ Finolhu Villas ដែលជាកន្លែងស្ងប់ស្ងាត់ និងដាច់ពីគេដទៃ ព្រោះរាល់ការកម្សាន្តទាំងអស់ និងធ្វើនៅ Kani (Resort ផ្កាយ៤ របស់ Club Med) ដែលធ្វើដំណើរត្រឹម ៥នាទីប៉ុណ្ណោះពី Finolhu Villas ហើយអ្នកស្នាក់នៅ Kani មិនអាចមក Finolhu បានទេ។
លោក NOPSUWAN បានបន្តថា៖ "ភ្ញៀវដែលមកស្នាក់នៅ អាចកុម្ម៉ង់តាមអ្វីដែលគាត់ចង់បាន ដូចជាការរៀបចំបន្ទប់ ការញ៉ាំអាហារ ការរៀបចំកម្មវិធីផ្សេងៗ និងអ្វីគ្រប់យ៉ាងដែលភ្ញៀវចង់បាន"។
សម្រាប់អ្នកចង់ទៅ ក៏អាចទិញជាកញ្ចប់សេវាក្រេបទឹកឃ្មុំចេញដំណើរតែ ២នាក់បាននៅក្រុមហ៊ុន World Pop និងក្រុមហ៊ុនទេសចរណ៍ដៃគូដទៃទៀត ដោយមានតម្លៃចាប់ពី ១ ១៥០ដុល្លារ ក្នុង១នាក់ ចំពោះការស្នាក់នៅក្នុង Club Med Kani Resort ២យប់ និង១ ៩០០ដុល្លារ ក្នុង១នាក់ សម្រាប់ Finolhu Villas ២យប់ដូចគ្នា។
Club Med ជាក្រុមហ៊ុនបដិសណ្ឋារកិច្ចរបស់បារាំងមួយដ៏ធំលើពិភពលោក ដោយមាន Resort ៧៥កន្លែង ហើយគ្រប់ Resort ទាំងអស់មានភាពខុសប្លែកគេត្រង់ អ្នកមកស្នាក់នៅនឹងទទួលបានសេវាកម្មគ្រប់យ៉ាងជាកញ្ចប់ (អាហារ ភេសជ្ជៈ កម្មវិធីកម្សាន្ត និងតាមតម្រូវការអ្នកស្នាក់នៅ)៕
អត្ថបទ៖ វិទូ